ថ្ងៃសៅរ៍ ទី17 មីនា ឆ្នាំ2012 ម៉ោង18:04 (កម្ពុជាថ្មី)
ភ្នំពេញ ៖ លោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២នេះ បានប្រសាសន៍នៅក្នុងឱកាសបង្ហាញលទ្ធផលការជួសជុលប្រាសាទសំបូរ ព្រៃគុកនៅទីស្តីការក្រសួងថា បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងបានការសហការជាមួយអង្គការ UNESCO ប្រចាំនៅកម្ពុជា ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សកលវិទ្យាល័យ វ៉ាសេដា ប្រទេសជប៉ុន អភិវឌ្ឍន៍តំបន់ប្រាសាទសំបូរព្រៃគុក និងការរៀបចំឯកសារ ហើយគ្រោងនឹងធ្វើឲ្យហើយរួចនៅក្នុងរយៈពេល១០ខែខាងមុខទៀត រួចហើយយើងនឹងដាក់ឯកសារនេះ ដើម្បីស្នើសុំអង្គការ UNESCO របស់អង្គការសហប្រជាជាតិ ដាក់ប្រាសាទសំបូរព្រៃគុប ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។លោក ជុច ភឿន បន្តថា សម្រាប់ការងារអភិវឌ្ឍ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប បានព្យាយាមហាមឃាត់ និងទប់ស្កាត់គម្រោងធនាគារអភិវឌ្ឍអាស៊ីហៅកាត់ ADB ដែលមានគម្រោងសាងសង់ផ្លូវមួយកាត់តំបន់ប្រសាទសំបូរព្រៃគុក។ លោកបន្តថា បើ ADB មិនធ្វើផ្លូវវាងពីតំបន់ប្រសាទសំបូរព្រៃគុក តាមសំណើរបស់ UNESCO ទេ នោះប្រាសាទសំបូរព្រៃគុកមិនមានន័យសម្រាប់សម្រាប់បេតិកភណ្ឌពិភព លោកឡើយ ហើយបើមិនធ្វើផ្លូវវាងនោះ ការបើកបរនៃរថយន្តធន់ធំ វានឹងបង្កការកក្រើករញ្ជួយរំញ័រដល់ថ្មប្រាសាទ ។
លោក ជុច ភឿន បញ្ជាក់ថា សម្រាប់អភិវឌ្ឍក្នុងប្រសាទសំបូរព្រៃគុកគឺយើងអនុញ្ញាតធ្វើផ្លូវ ចាក់ក្រាលកៅស៊ូមានសភាពតូច សម្រាប់ភ្ញៀវចូលទស្សនាដើរ និង ជិះឡានធន់តូច ហើយបើកយឺតៗ។ ប្រាសាទសំបូរព្រៃគុក បន្ទាប់ពី បញ្ចូលជាសម្បត្តិរបស់មនុស្សជាតិលើពិភពលោករួច កម្ពុជានឹងបង្កើតអាជ្ញាធរស្វយ័តដាច់ដោយឡែកមួយ ដែលមានមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាអ្នកចូលធ្វើការលើផ្នែកនេះ តែអាជ្ញាធរនេះនៅក្រោមឱវាទរបស់ក្រសួងទីស្តីគណៈរដ្ឋមន្រ្តី និងមានកញ្ចប់ថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មួយដាច់ដោយឡែក សម្រាប់ការអភិវឌ្ឍ និងអភិរក្សតំបន់ប្រាសាទនេះ។
គួរបញ្ជាក់ថា មកដល់ពេលនេះ ប្រាសាទសំបូរ ព្រៃគុក បច្ចុប្បន្ន បានកំពុងជុសជុល និងរៀបចំទីតាំងឲ្យបានល្អប្រសើរ ហើយប្រវត្តិ ប្រសាទសំបូរព្រៃគុកនេះមានលក្ខណៈពិសេសមួយល្អប្រសើរដាច់ដោយឡែកពី ប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ៕
កែចុងក្រោយនៅ ថ្ងៃសៅរ៍ ទី17 មីនា ឆ្នាំ2012 ម៉ោង18:07