Friday, May 18, 2012

សម្តេច ហ៊ុន សែនៈ ពិធីលាងជើង កូនកំលោះ ក្នុងពិធី រៀបមង្គលការ មិនត្រូវលុបចោលទេ

Tuesday, 15 May 2012 16:51 ដោយៈ អេង គឹមជាង-Posted: ID-009  (ដើមអម្ពិល)
 Photo by DAP-NEWS

 ភ្នំពេញៈ នាយករដ្ឋមន្រ្តីប្រទេសកម្ពុជា សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងពិធីមង្គលការ ដែល កូនក្រមុំ លាងជើងឲ្យកូនកំលោះមិនត្រូវបាន លុបចោលទេ ព្រោះវាមានតាំងពីយូរលង់ណាស់មកហើយ ដែលត្រូវ ប្រារព្ធឡើងដោយមិនអាចខ្វះបានទេ ដើម្បីលាងជម្រះឧបទ្រពទាំងឡាយ ណាមុនពេលចូលផ្ទឹម។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរ សាទរបិទវគ្គបណ្តុះបណ្តាលតួនាទី និងក្រមសីលធម៌អាចារ្យ និងអាចារិនី ជំនាន់ទី១ ដល់ជំនាន់ទី៩ នៅមជ្ឈ មណ្ឌលសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១២ ថា កាលពីរៀបមង្គលការប្អូន ប្អូនថ្លៃ ក្មួយ កាលពីឆ្នាំ ១៩៨២នោះ នៅមានពិធីលាងជើងនៅឡើយទេ ប៉ុន្តែទើបតែរយៈពេលក្រោយមកទៀត គេនិយាយ តៗគ្នាថា ការលាងជើងនេះ ធ្វើឲ្យស្រ្តីថោកទាប ប៉ុន្តែយោងទៅលើការស្រាវជ្រាវ ពិធីលាងជើង គឺត្រូវតែធ្វើតែ បែរជាភាគច្រើនប្រជាជនកម្ពុជានាំគ្នាចង់បោះចោលទៅវិញ «ទាក់ទងទៅនឹងការលាងជើងវាត្រឹមត្រូវ រឿងដែល មិនគួរបោះបង់ចោល យើងបោះបង់ចោលទៅវិញ ដោយសារការភាន់ច្រលំ ឲ្យកូនក្រមុំទៅលាងជើងកូនកំលោះ មុនពេលចូលផ្ទឹម»។
ការមិនឲ្យលាងជើងនេះ មិនមែនមកពីតាអាចារ្យបង្គាប់មិនឲ្យលាងនោះទេ តែឪពុកម្តាយខាងកូនស្រីមិនឲ្យទៅ លាង ដោយសារពួកគាត់យល់ឃើញថា ការទៅលាងនេះ ធ្វើឲ្យអន់កូនស្រីរបស់គាត់ «ប៉ុន្តែនៅក្នុងន័យនេះ គេ បញ្ជាក់ឲ្យកូនប្រុស ដែលត្រូវជាប្អូន ក្មួយ ឬសាច់ញាតិរបស់កូនក្រមុំ ចេញមកលាងជើង ព្រោះត្រូវសំអាតមុន ចេញមកផ្ទឹម»។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការហាមប្រាមទាំងគេយកអនុវត្ត ក៏អនុវត្ត បើគេមិនអនុវត្តនោះ ក៏មិនអនុវត្ត ទៅ ព្រោះជារឿងរបស់ពួកគេ។ ប៉ុន្តែទោះបីជាយ៉ាងណា ការផាកពិន័យណាមួយមិនត្រូវឲ្យកើតមានឡើងទេ។ ពិធីបំពាក់កម្រងផ្កា ការដាក់តាំងរូបថត កាត់នំ មិនស្ថិតនៅក្នុងក្បួនរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ ហើយមិនត្រូវ ទៅផាកពិន័យទេ។
ពាក់ព័ន្ធនឹងបញ្ហាអាពាហ៍ពិពាហ៍នេះ នៅក្នុងសង្គមខ្មែរ គឺ២ ឬ៣ឆ្នាំចុងក្រោយនេះ ត្រូវបានមហាជននិយាយ ជជែកគ្នាមិនចេះចប់ ដោយមានអ្នកខ្លះគាំទ្រ អ្នកខ្លះទៀតមិនពេញចិត្ត។ ក្រៅពីចំណុច ដែលសម្តេច ហ៊ុន សែន បានលើកឡើងនេះ មហាជនក៏បាននិយាយអំពីចំណុច ថ្លៃទឹកដោះ ដែលមិនតម្រូវឲ្យមានតទៅទៀត, ថ្លៃរៀប ការតម្រូវឲ្យខាងប្រុស និងខាងស្រី ចេញស្មើគ្នា, ឈប់ឲ្យកូនកំលោះ តោងស្បៃកូនក្រមុំចូលបន្ទប់ជាដើម។ ចំណុចទាំងអស់នេះ មហាជន គិតថា នឹងឈប់ឲ្យអនុវត្ត នៅ ពេលច្បាប់ ឬលិខិតបទដ្ឋាននានាពាក់ព័ន្ធនឹងបញ្ហា នេះ ចេញនៅពេលខាងមុខ៕