Wednesday, August 1, 2012

អាកាសធាតុធ្វើឲ្យ ការប្រមូលផល ត្រសក់ផ្អែម មានការធ្លាក់ចុះ តែកសិករ នៅតែចង់ដាំ

Photo by DAP-NEWS















ភ្នំពេញៈ ប្រជាកសិករកាន់តែច្រើនឡើង បន្ថែមទៀត បានចាប់អារម្មណ៍រៀនដាំដំណាំត្រសក់ផ្អែម ដោយសារតែ ដំណាំនេះ ទទួលបានផលក្នុងរយៈពេលខ្លី មានទីផ្សារ និងទទួលបានចំណូលច្រើនគួរសមដែរ។
ប្រធានសមាគមត្រសក់ផ្អែមសៀមរាប លោក វ៉ាន់ អៀន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១២ ថា ប្រជាកសិករជាច្រើនបន្ថែមទៀត បានចាប់អារម្មណ៍ ចង់រៀនវិធីដាំដំណាំត្រសក់ ផ្អែម បន្ទាប់ពីរូបលោក បានធ្វើការបង្ហាញពីវិធីដាំ និងពីអត្ថប្រយោជន៍ផ្សេងៗជូនដល់ពួកគាត់។
តែយ៉ាងណាក៏ដោយសម្រាប់ខែកក្កដា ឆ្នាំ២០១២នេះ ការប្រមូលផលរបស់ប្រជាកសិករមានការធ្លាក់ចុះ ជាខ្លាំង ពោល គឺបានត្រឹមតែ ៣០០ ទៅ៤០០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃខុសពីខែមិថុនា ការប្រមូលផលបានរហូត ដល់ ៧០០គីឡូក្រាមឯណោះ។
លោកបញ្ជាក់ថា «បញ្ហាអាកាសធាតុនៅរដូវវស្សាឆ្នាំនេះ បានធ្វើឲ្យការប្រមូលផលត្រសក់ផ្អែមមានការធ្លាក់ចុះ ដោយសារវាធ្វើឲ្យត្រសក់ខូច»។
ទន្ទឹមនឹងនេះ ការលក់ត្រសក់ផ្អែម ក៏មានការធ្លាក់ចុះដែរ ដែលកាលពីមុន ១គីឡូក្រាមតម្លៃ ៤.០០០រៀល តែក្នុង ខែកក្កដា នេះ ១គីឡូក្រាម តម្លៃបានត្រឹមតែ ៣.៤០០ ទៅ ៣.៥០០រៀលប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀម បានថ្លែងបញ្ជាក់ថា ទោះបីការប្រមូល ផល និងតម្លៃធ្លាក់ចុះ ក៏មានប្រជាកសិករចំនួន ២៨នាក់បន្ថែមទៀត ចង់រៀនវិធីដំាត្រសក់ផ្អែមនេះ ហើយនៅ ខែតុលាខាងមុខ លោកនឹងចាប់ផ្ដើមបង្រៀនពួគគាត់។
លោកបានឲ្យដឹងថា នាថ្ងៃទី១៥ ដល់១៨ខែធ្នូ ឆ្នាំ២០១២ខាងមុខ រូបលោក និងប្រជាកសិករមួយចំនួន នឹងទៅ តាំងពិព័រណ៍ផលិតផលត្រសក់ផ្អែមនៅមជ្ឈមណ្ឌល កម្សាន្តកោះពេជ្រ។ លោកថា ប្រជាកសិករបានត្រៀមខ្លួន រួចជាស្រេចសម្រាប់ដាំដំណាំត្រសក់ផ្អែមឲ្យបាន ១០តោន ដើម្បីយកទៅតាំងពិព័រណ៍នោះ ។
ដំណាំត្រសក់ផ្អែម ត្រូវបានប្រជាកសិករដាំនៅខេត្តចំនួន ៤រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត កំពង់ចាម និងខេត្តកំពង់ធំ ។ សមាជិកសមាគមត្រសក់ផ្អែម មាននៅខេត្តបន្ទាយមានជ័យ ចំនួន ១៣ ខេត្តសៀម រាប ចំនួន ១៧ និងខេត្តកំពង់ចាម ចំនួន ២ នាពេលថ្មីខាងមុខនេះ សមាគមនឹងទទួលសមាជិកថ្មីៗបន្ថែមទៀត៕