Thursday, December 22, 2011

ទីភ្នាក់​ងារ​អវកាស​អា​មេរិក​ Nasa រក​ឃើញ​ភព​កូន​ភ្លោះ​របស់​ផែន​ដី​

ដោយ ៖ ធីតាកោះ (កោះសន្តិភាព)
ថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៧:៤១
ភព​សិលា​មួយ​ដែលមាន​ទំ​ហំ​ប៉ុន​នឹង​ភព​ផែន​ដី​​ត្រូវ​ គេ​រក​ឃើញ​វិល​ជុំ​វិញ​ផ្កាយ​មួយ​សណ្ឋាន​ដូច​​ជា​ព្រះ​អា​ទិត្យ​​។ វា​ជា​លើក​ទី​១​ហើយ​ដែល​ភព​មាន​ទំ​ហំ​ប៉ុន​ផែន​ដី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​
ព្រះ​អា​ទិត្យ​មួយ​ផ្សេង​ទៀត​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ដាក់​ឈ្មោះ​ភព​ថ្មី​នេះ​ថា Kepler 20f។ ពួក​គេ​បាន​ហៅ​សមិទ្ធផល​បច្ចេក​វិទ្យា​នៃ​ការ​រកឃើញ​ភព​នៅ​ក្នុង​ប្រព័ន្ធ​ ព្រះ​អា​ទិត្យ​ផ្សេង​មាន​ទំហំ​ប៉ុន​ផែន​ដី​នេះ​ថា​បាន​បង្កើន​ឱកាស​នៃ​ការ​ ស្វែង​រក​ពិភពលោក​ថ្មី​ដែល​អាច​ឱ្យ​ជី​វិត​រស់​នៅ​បាន​។
បើ​ទោះ​ជា​ភព​មួយក៏​ដោយ​ Kepler 20fអាច​មាន​បរិ​យា​កាស​ចំ​ហាយ​ទឹក​ក្រាស់​ ហើយ​ផ្ទៃ​រាប​របស់​វា​ត្រូវ​បាន​គេ​ជឿ​ថា មាន​សី​តុណ្ហ​ភាព​ក្តៅ​ខ្លាំង​សម្រាប់​ការរស់​នៅ​។ ចំណែក​ភព​ទី​២​នៅ​ក្នុង​ប្រព័ន្ធ​ព្រះ​អា​ទិត្យ​ដូច​គ្នា​នឹង​ភព​ខាង​លើ​ ឈ្មោះ​ Kepler 20eមាន​ទំ​ហំ​តូច​ជា​ផែន​ដី​បន្តិច​និង​សី​តុណ្ហ​ភាព​ក្តៅ​ជាង​ផែនដី​ផងដែរ។ លោក​បណ្ឌិត​ Francois Fressinតារា​វិទូ​មក​ពី​មជ្ឈ​មណ្ឌល​Harvard-Smithsonian Centreសហ​រដ្ឋ​អា​មេរិក​បាននិយាយ​ថា​៖«នេះ​ជា​លើក​ទី​១​ដែល​មនុស្ស​យើង​បាន​ រក​ឃើញ​វត្ថុ​មួយ​ស្រដៀង​នឹង​ភព​ផែន​ដី​។ ដូច្នេះ​ប្រហែល​ជា​យើង​នឹង​អាច​រក​ឃើញ​ភព​ផ្សេង​ទៀត​។
វា​ជា​របក​គំ​ហើញ​​ដ៏​សំ​ខាន់​មួយ​។ ខ្ញុំ​គិត​ថា រយៈ​ពេល​១០​ឬ​១០០​ឆ្នាំ​ពី​ពេល​នេះ​ទៅ​មុខ​មនុស្ស​យើង​នឹង​សម្លឹង​មើល​មក​ ក្រោយ ​ហើយ​សួរ​ថា​តើ​នៅ​ពេល​ណា​ដែល​ភព​ប៉ុន​ផែន​ដី​លើក​ដំ​បូង​ត្រូវ​បាន​រក​ឃើញ​ ។ នេះ​ពិត​ជា​រឿង​ដ៏​រំភើប​រីក​រាយ​មួយ​»។​ កាល​ពី​ដើម​ខែ​នេះ​ អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ភព​មួយ​ឈ្មោះ​ Kepler-22bដែល​មាន​ទំ​ហំ​ធំ​ជាង​ផែន​ដី​ ២,៤​ដង​ ប៉ុន្តែ​អ្នក​​វិទ្យា​សាស្ត្រ​និយាយ​ថា ភព​នេះប្រហែល​ជា​មិន​អាច​ឱ្យ​ជី​វិត​រស់​នៅ​បាន​ទេ​។ ​រហូត​មក​ទល់​នឹង​ពេល​នេះ​ ឧបករណ៍​សង្កេត​ស្រាវ​ជ្រាវ​អវ​កាស​របស់​អា​មេរិក​ Keplerបាន​រក​ឃើញ​ភព​ចំនួន​២៨​ហើយ ៕