Wednesday, February 8, 2012

កូន​ខ្មែរ​​ស្រាវ​ជ្រាវ​រកឃើញ​​វិធី​បង្កាត់​​​​ចង្រិត​ដូង

ដោយ​ ៖ ប្រុសកោះ (កោះសន្តិភាព)
ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១០:២៧ 





ខេត្តកំពង់ចាម ៖ ពេលរដូវចង្រិតចុះម្តងៗគេតែងឃើញប្រជាពលរដ្ឋរស់នៅតាមដងទន្លេ​ មេគង្គបំពាក់អំពូលម៉ែត្រពណ៌ស្វាយដាក់ចង​ មានទម្រដោយថង់កៅស៊ូធំៗព្រោងព្រាតត្រង​ចាប់យកចង្រិតសម្រាប់ធ្វើជាចំណើអាហារ​ ក្នុង​គ្រួសារ និងខ្លះទៀតបាននាំយកមកលក់​នៅតាម​ទីផ្សារនានា សូម្បីតែនៅតាមហាងធំៗក៏លក់​ដាច់​ណាស់ដែរ តែចង្រិតមានតាមរដូវ​កាល​ប៉ុណ្ណោះ  ​ទើប​​ប្រជាពលរដ្ឋ​​​ខ្លះ​រិះពិធី​​​សាស្ត្រ​​​ធ្វើ​យ៉ាង​​​ណា​ឱ្យ​​ មានចង្រិត​​លក់​ជា​ប្រចាំ ។ ជាក់ស្តែងមាន​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​ពូជធំនិងចង្រិតដូង ស្ថិត​នៅ​ភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់​ចាម កំពុងតែមមា​ញឹក​ក្នុងការភ្ញាស់ពងចង្រិតសម្រាប់​បំពេញតម្រូវការ​ របស់ប្រជាពលរដ្ឋធ្វើឲ្យជីវភាព​​​ម្ចាស់​​កសិដ្ឋាន​កាន់តែប្រសើរឡើងថែមទៀត ។

លោកចេង សុធា អាយុ៤៣ឆ្នាំ  ជាម្ចាស់​កសិដ្ឋានចិញ្ចឹមចង្រិតពូជធំនិងចង្រិតដូងស្ថិត​ នៅភូមិ-សង្កាត់ខាងលើបានរៀបរាប់ប្រាប់​កោះសន្តិភាពនារសៀលថ្ងៃទី៦ កុម្ភៈ ថា មាន​ពេល​មួយរូបលោកបានធ្វើ​ដំណើរទៅលេងផ្ទះ​បងប្អូននៅប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ក៏បានជួប​អ្នក​ចិញ្ចឹមចង្រិតម្នាក់។ ក្រោយ​ពីស្តាប់​គាត់​រៀបរាប់​​ក៏មានចំណាប់អារម្មណ៍យ៉ាង​ខ្លាំង ព្រោះថាចិញ្ចឹមចង្រិត​ងាយ​​ស្រួលជាងចិញ្ចឹមជ្រូក មាន់ ទាទៅទៀត  ដោយសារមិនមានសំឡេង​ធ្វើឱ្យរំខានដល់អ្នកជិតខាងនោះ​ទេ ។ ម្ចាស់​កសិដ្ឋានរូបនេះបានរៀបរាប់បន្ត​ថា រហូតមក​ដល់ខែកញ្ញា ឆ្នាំ២០១១ រូប​លោក​បានធ្វើអាង​បេតុងចំនួន៨ ដោយអាងនីមួយៗមានទំហំ២​ម៉ែត្រគុណ៧ម៉ែត្រ និងកម្ពស់៨តឹក និងចាប់​ផ្តើម​ភ្ញាស់ពង​ចង្រិតពូជធំដែលបានទិញមកពី​ប្រទេសថៃ ។ ក្នុងអាងមួយត្រូវដាក់ចានពង​ចង្រិត​រហូត​ដល់ទៅ១៤០ចាន  ហើយក្នុងរយៈ​ពេល៤៥ថ្ងៃ យើងអាចចាប់លក់បានហើយ​  ដោយ​ក្នុង១​គីឡូ​​ក្រាម​តម្លៃពី១៨.០០០ទៅ​២០.០០០រៀល ។
លោកចេង សុធា ម្ចាស់កសិដ្ឋានចិញ្ចឹម​ចង្រិត​បានបញ្ជាក់ថា ចំពោះចំណីអាហារ​សម្រាប់​ផ្តល់ឲ្យចង្រិតស៊ីមានដូចជា ស្លឹកបាស់​ស្មៅចិញ្ចៀន ស្មៅក្រវាញជ្រូក ។  កសិដ្ឋាន​ចិញ្ចឹម​ចង្រិតរបស់លោកធំជាងគេនិង​​មាន​អតិថិជន​​ កុំម្ម៉ង់ទិញពងចង្រិត និងចង្រិត មកពីគ្រប់​ទិសទី​​ទើបពេល​ខ្លះរកចង្រិតឱ្យ​ម៉ូយមិនទាន់​ព្រោះ​តម្រូវ​ ការនោះច្រើន​ពេក ។ ជាមួយគ្នា​​នេះ​រូប​លោកបានស្រាវជ្រាវរកឃើញ​​វិធី​​សាស្ត្រ​​​ថ្មី​ សន្លាងក្នុង​​ការបង្កាត់​ពូជចង្រិតដូងហើយលោក​បានចិញ្ចឹមចំនួន៣អាង ដូច្នេះនៅក្រោយ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​យើងខាងមុខ រូប​លោក​នឹងចាប់ផ្តើមលក់ចង្រិតដូង​នេះហើយ ដែលបានប្រើ​ពេល​ចិញ្ចឹមដល់ទៅ៣ខែកន្លះ ។ ម្យ៉ាងទៀត ប្រសិនជាបងប្អូន​​​ណា​​ចង់​ចិញ្ចឹម​ចង្រិត សូមទំនាក់ទំនងកសិដ្ឋាន​របស់លោក​ផ្ទាល់​តែម្តង ​ ​លោក​នឹងលក់ជូនក្នុងតម្លៃថោក​សមរម្យព្រម​ទាំងជួយ​បង្រៀនពីរបៀប​ចិញ្ចឹម​ ផងដែរ ៕