Monday, February 20, 2012

ពាក្យសុំ អភ័យទោស របស់ ឌុច ត្រូវបាន សាលាក្តីខ្មែរ ក្រហម ផ្សព្វផ្សាយ

Monday, 20 February 2012 14:54 ដោយ៖សយ សុភា-សេង ផល្លាភ​ (ដើមអម្ពិល)
Photo by DAP-NEWS
ភ្នំពេញ៖ កម្រងពាក្យ សុំអភ័យទោស របស់ កាំង ហ្កេកអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង ដ៏ប្រល័យនៃរបបវាលពិឃាត ត្រូវបានសាលាក្តីខ្មែរក្រហម ធ្វើការផ្សព្វ ផ្សាយ។ ពាក្យសុំអភ័យទោសទាំងនោះ ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ដកស្រង់សម្តីរបស់ឌុចចេញពីសវនាការនាពេលកន្លងមក ហើយកម្រងពាក្យសុំអភ័យទោសនេះ ដែរត្រូវបានគេសម្រេចឲ្យបោះពុម្ភៈផ្សាយ ដើម្បីជាសំណងដល់ជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហម។

សេចក្តីប្រកាសព័ត៌មាន ដែលអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានផ្តល់ឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២នេះឲ្យដឹងថា កម្រង ការចងក្រងនូវពាក្យសូមអភ័យទោសរបស់ កាំង ហ្កេកអ៊ាវ ហៅឌុចនៅក្នុងអំឡុងពេលសវនាការកន្លងមក ដែលរៀបចំឡើងដោយអង្គជំនុំជម្រះ តុលាការកំពូលនៃសាលាក្តីខ្មែរក្រហម មានខ្លឹមសារនៃពាក្យសូមអភ័យទោសរបស់ឌុច ត្រូវបានដកស្រង់ចេញពីពាក្យពេចន័ ដែលឌុចបាននិយាយនៅក្នុងសាលសវនាការរយៈពេល ៧៧ថ្ងៃ។
សូមជម្រាបថា ចៅក្រម នៃសាលាក្ដីកំពូល របស់អង្គ ជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ កន្លងទៅនេះ បានសម្រេចផ្ដន្ទាទោសអតីតមន្ទីរ ស២១ កាំង ហ្គេចអ៊ាវ ហៅ ឌុច ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ។
លោក កាំង ហ្គេចអ៊ាវ ហៅ ឌុច គឺជា មេដឹកនាំខ្មែរក្រហមមួយរូប ដែលត្រូវ អ.វ.ត.ក សម្រេចផ្ដន្ទាទោស ឱ្យជាប់ពន្ធ នាគារអស់មួយជីវិត នៅក្នុងសំណុំរឿង ០០១ ។លោកត្រូវបានសាលាដំបូង នៃ អ.វ.ត.ក ផ្ដន្ទាទោស ត្រឹមតែរយៈពេល ៣៥ឆ្នាំតែប៉ុណ្ណោះ។
ការចងក្រងនូវពាក្យសូមអភ័យទោសរបស់ កាំង ហ្កេកអ៊ាវ ហៅឌុច ទៅកាន់ជនរងគ្រោះទាំងអស់នៅក្នុងអំឡុងពេលសវនាការកន្លងមក៖
ប្រតិចារិកថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០០៩ទំព័រ៥២ [បន្ទាត់១៤-២៥ដល់ទំព័រ៥៦ [បន្ទាត់១-២១]
ដំបូងខ្ញុំសូមបញ្ជាក់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅកម្ពុជាខ្លះ ។
តាមតម្រាយដែលសហព្រះរាជអាជ្ញា លោកមានប្រសាសន៍រួចមកហើយ ។ ខ្ញុំសូមបញ្ជាក់ថា ប្រជាជនកម្ពុជា រងទុក្ខ វេទនា ដោយការកាប់សម្លាប់នេះយូរឆ្នាំហើយ គឺចាប់តាំងពីឆ្នាំ១៩៦៦ ដែលឧត្ដមសេនីយ៍ លន់ នល់ គាត់កាប់សម្លាប់ កសិករនៅសំឡូត ។ បន្ទាប់មកទៀតរដ្ឋប្រហារ ១៨មីនា ភាគនយោបាយទាំងអស់ ប្រណាំងប្រជែងគ្នាកាប់សម្លាប់ ប្រជាជនកម្ពុជារហូតដល់ថ្ងៃ១៧ មេសា ១៩៧៥ ទើប ឧក្រិដ្ឋ-កម្មនេះ វាធ្លាក់ផ្ដាច់មុខទៅលើបក្សកុម្មុយនីស្តកម្ពុជា នេះតម្រាយប្រវត្តិសាស្ត្រដែលខ្ញុំសូមលើក ជូនអង្គប្រជុំ ស្របតាមតម្រាយដែលសហព្រះរាជអាជ្ញាព្រឹកមិញ លោក មានប្រសាសន៍ ។
តទៅនេះ ខ្ញុំសូមបញ្ជាក់អំពីគោលជំហរខ្ញុំ ដូចតទៅ៖ពីថ្ងៃ១៧ មេសា ១៩៧៥ ដល់ថ្ងៃ៦ មករា ១៩៧៩ បក្សកុម្មុយនីស្តកម្ពុជា ជាអ្នកទទួលខុតត្រូវផ្ដាច់មុខលើឧក្រិដ្ឋកម្ម នៅកម្ពុជា ភស្ដុតាងសំខាន់គឺ លក្ខន្តិកៈបក្សឆ្នាំ១៩៧៦ ។ ទំព័រទី១ នៃលក្ខន្តិកនេះ សរសេរជាអាទិ៍ថា “ក្រោយពីដឹកនាំ សម្រេចបដិវត្តន៍ប្រជាជាតិប្រជាធិបតេយ្យ បានទាំងស្រុងនឹងជាស្ថាពរនៅថ្ងៃ១៧ មេសា ១៩៧៥ មក ។ បក្សកុម្មុយ នីស្តកម្ពុជា ដឹកនាំបដិវត្តន៍សង្គមនិយម និងកសាងសង្គមនិយមតទៅទៀត ដោយផ្ដាច់មុខ ដាច់ខាតនឹងគ្រប់ផ្នែក” នេះជាភស្ដុតាង ដែលខ្ញុំសូមលើក ជូនជាតិប្រជាជនតាមរយៈអង្គជំនុំជម្រះសាលាដំបូងនៃ អ.វ.ត.ក ។
ទី១៖ ខ្ញុំសូមវិភាគអំពីឧក្រិដ្ឋកម្មទូទាំងប្រទេសពីថ្ងៃ១៧មេសា ១៩៧៥ ដល់ថ្ងៃ៦ មករា១៩៧៩។ ក្រោយ ១៧ មេសា ១៩៧៥ ប៉ុល ពត កើតចិត្តភ្លើតភ្លើនខ្លាំងណាស់ បានលើកមាគ៌ាដែលប៉ះពាល់អាយុមនុស្ស នេះគឺមកពី ប៉ុល ពត គាត់មានសព្វមានគ្រប់ សំខាន់គឺមានបក្ខជន រាប់ម៉ឺន នាក់ នៅក្នុងកណ្ដាប់ដៃគាត់ ។ ឧក្រិដ្ឋកម្មជំនាន់នោះធំធេងណាស់ ។ ដោយឡែកការបាត់បង់ អាយុជីវិត មានទៅដល់ជាងមួយលាននាក់ ដោយខ្ញុំជា បក្ខជនមួយរូបរបស់បក្សកម្មុយនីស្តកម្ពុជា ខ្ញុំទទួលស្គាល់ថា “ខ្ញុំពិតជាមានតួនាទីទទួលខុសត្រូវខាងផ្លូវចិត្ត លើឧក្រិដ្ឋកម្មដែលបក្សកម្មុយនីស្តកម្ពុជាប្រព្រឹត្តនៅជំនាន់នោះ” ខ្ញុំសូមសម្ដែងនូវវិប្បដិសារី សោកស្ដាយយ៉ាងឈឺចាប់បំផុត ចំពោះឧក្រិដ្ឋកម្មគ្រប់យ៉ាង ដែលបក្សកុម្មុយនីស្តកម្ពុជាប្រព្រឹត្តពីថ្ងៃ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ។
ទី២៖ ខ្ញុំសូមបញ្ជាក់ដោយឡែក អំពីឧក្រិដ្ឋកម្មនៅ ស-២១ខ្ញុំសូមទទួលស្គាល់នូវការទទួលខុសត្រូវរបស់ខ្ញុំតាមផ្លូវច្បាប់ ។ ខ្ញុំសូមបញ្ជាក់ថា តាមផ្លូវច្បាប់ចំពោះឧក្រិដ្ឋកម្ម ទាំងអស់ ដែល កើតមាននៅ ស-២១ សំខាន់គឺសកម្មភាពធ្វើទារុណកម្មនិងសម្លាប់ផ្ដាច់ផ្ដោចអាយុជីវិតមនុស្ស ។
តាមតម្រាយដែលខ្ញុំបានធ្វើរួចមកហើយនៅវេលាដែលលោកសហចៅក្រមស៊ើបអង្កេតនាំខ្ញុំទៅសម្ដែងសកម្មភាព រំឭកព្រឹត្តិការណ៍ចាស់ឡើងវិញ នៅជើងឯកនិងនៅសារមន្ទីរប្រល័យ ពូជាសាសន៍ ទួលស្លែងគឺ ខ្ញុំសូមអនុញ្ញាត ចូលសុំ ទោសជនរងគ្រោះ ដែលនៅរស់រានមានជីវិតនិងសុំទោស ក្រុមគ្រួសារជនរងគ្រោះទាំងអស់ដែល បានស្លាប់ បាត់បង់ ជីវិតយ៉ាងអាណោចអាធ័មនៅស-២១ ។
ពេលនេះ ខ្ញុំសូមអស់លោកទាំងនោះ លោកមេត្ដាទទួលដឹងឮថាខ្ញុំចង់សុំទោស សូមលោកមេត្ដាយកបំណងនេះទៅ ពិចារណា។ ខ្ញុំមិនជាមិនទាន់ទាមទារសូមឲ្យលោកអត់ទោសឲ្យខ្ញុំនៅពេលឥឡូវនេះទេ ។ ខ្ញុំដឹងហើយថា ឧក្រិដ្ឋកម្ម របស់ខ្ញុំទៅលើជីវិតមនុស្សជាពិសេសទៅលើជីវិតស្ដ្រី និងកុមារ ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរមិនអាចអត់ឱនឲ្យបានទេ ។ សំណូមពរបច្ចុប្បន្ននេះ របស់ខ្ញុំគឺសូមអស់លោក លោកមេត្តាទុកទ្វារចូលសុំទោសនេះ ឲ្យនៅចំហ ។
ទី៣៖ វិប្បដិសារីដ៏សែនចុកចាប់របស់ខ្ញុំ រំឭកអតីតកាលពេលណា ខ្ញុំសែនខ្លោចផ្សាពេលនោះ។ ខ្ញុំតក់ស្លុតណាស់ កាលណាខ្ញុំនឹកដល់សកម្មភាពកន្លងមក ដែលខ្ញុំបានទទួលអនុវត្ត និង បានបញ្ជាឲ្យអនុវត្ត ដែលសុទ្ធតែជាសកម្មភាពប៉ះពាល់ដល់អាយុជីវិតជនស្លូតត្រង់យ៉ាងច្រើន ក្នុងនោះ រួមមានទាំងស្ត្រី និងកុមារផង ។ទោះបីខ្ញុំធ្វើ ដោយគោរពតាមបញ្ជារបស់អង្គការក៏ដោយ ក៏ខ្ញុំពិតជាទទួលខុសត្រូវចំពោះឧក្រិដ្ឋ-កម្មទាំងនេះ ។ ខ្ញុំបានជម្រាប សហចៅក្រមស៊ើបអង្កេតហើយថា ខ្ញុំជាចំណាប់ថ្នូរនិងជាតួសម្ដែងនៃរបបឧក្រិដ្ឋកម្មនេះ ។ ខ្ញុំជឿថា មនុស្សម្នាជា ទូទៅនៅពេលនេះ ចាត់ទុកខ្ញុំថាកំសាក ថាអមនុស្សធម៌ ខ្ញុំទទួលពាក្យនេះដោយស្មោះនិងដោយគោរព ។ នៅសម័យស-២១នោះ ខ្ញុំចាត់ទុកជីវិតខ្ញុំនិងជីវិតគ្រួសារ ខ្ញុំសំខាន់លើសជីវិតអ្នកជាប់ឃុំឃាំងនៅស-២១ នោះ ។
ប្រកែកប្រណាំងនឹងបទបញ្ជាពីខាងលើ ទោះបីដឹងថា បទបញ្ជានោះឧក្រិដ្ឋក៏ដោយ ក៏ខ្ញុំមិនដែលហ៊ាននឹកនាដល់ដែរ នៅជំនាន់នោះ ។ នេះជាបញ្ហាស្លាប់រស់របស់ខ្ញុំនិងគ្រួសារខ្ញុំ ។ ក្នុងឋានៈខ្ញុំជាប្រធាន ស-២១ ខ្ញុំអត់ហ៊ានគិត គូររកលទ្ធភាពអី ក្រៅពីអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើទេ ។ ទោះបី ខ្ញុំដឹងថា ការអនុវត្តនោះនាំទៅរកការបាត់ បង់អាយុជីវិតមនុស្សរាប់ពាន់ៗនាក់ក៏ដោយ ។ បច្ចុប្បន្ននេះ ខ្ញុំមានវិប្បដិសារីសោកស្ដាយយ៉ាងជ្រាលជ្រៅ ព្រមទាំង ខ្មាសអៀន ព្រមទាំងមានសភាពរអៀស ក្នុងឋានៈជាអ្នកមានខ្លួនមានទោស ដឹងថាខ្លួនជាអ្នកមានទោសចំពោះ ជាតិប្រជាជនកម្ពុជាទាំងមូល ។ ចំពោះគ្រួសារជនរងគ្រោះទាំងអស់ ដែលបានបាត់បង់ជីវិតនៅស-២១ ព្រមទាំង ចំពោះក្រុមគ្រួសារខ្ញុំ ផ្ទាល់ ដែលមានសមាជិកមួយចំនួនបាត់បង់ជីវិតទៅក៏ដោយ ។
វិធានការដោះស្រាយខាង-- ពេលបច្ចុប្បន្ននេះរបស់ខ្ញុំ
ខ្ញុំបានសម្រេចចិត្តសហការជាមួយអង្គ អ.វ.ត.ក ដោយហេតុថាទុក្ខទោសទាំង ប៉ុន្មានដែលខ្ញុំបាន ប្រព្រឹត្តទៅលើប្រជាជនខ្ញុំមានតែផ្លូវនេះតែមួយប៉ុណ្ណោះគត់ដែលអាចរំលែកទុក្ខ សោកទាំងអស់ដែលបង្ក ឡើងដោយ ឧក្រិដ្ឋកម្មរបស់ស-២១ និយាយដោយឡែក និងឧក្រិដ្ឋកម្មរបស់បក្ស កុម្មុយនីស្តកម្ពុជានិយាយជារួម ។
ខ្ញុំសូមបញ្ជាក់ថា ស-២១ និងវិនាសកម្មគួរឲ្យរន្ធត់ទាំងប៉ុន្មានដែល ស-២១បង្កើតឡើងជាបាតុភាពជាក់ស្ដែងដែលខ្ញុំសូមប្រគល់ខ្លួនជូនអង្គ អ.វ.ត.កជំនុំជម្រះខ្ញុំដោយផ្លូវច្បាប់ ដ៏ស្មោះនិង យ៉ាងឱនលំទោនជានិច្ច ។
នៅចុងបញ្ចប់នេះ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំពិតជាសហការតទៅទៀតជាមួយអ.វ.ត.ក នៅពេលសវនាការដោយខ្ញុំពិតជាឆ្លើយសំណួររបស់លោកនិងលោកស្រីចៅក្រមនៃអង្គជំនុំជម្រះ សាលាដំបូង ។ ឆ្លើយសំណួររបស់លោកនិងលោកស្រីសហព្រះរាជអាជ្ញា ឆ្លើយសំណួររបស់ដើមបណ្ដឹងរបស់រដ្ឋប្បវេណីទៅតាមការចង់ ដឹង និងដោយឈរលើឯកសារជាភស្តុតាង ។
លោកប្រធានជាទីគោរព!
តទៅនេះខ្ញុំសូមលោកមេត្តាអនុញ្ញាតឲ្យខ្ញុំ ថ្លែងអំពីវិប្បដិសារីដែលខ្ញុំមានប្រចាំជីវិតជូន
ដូចតទៅ៖ ខ្ញុំអត់ពេញចិត្តទេ ក្នុងការធ្វើការងារនេះ ។ ខ្ញុំបានសុំចេញទៅសហកម្មនៅ ខែ៥ ឆ្នាំ១៩៧៥ តែមិនបាន សម្រេច ។ គេចាត់ឲ្យខ្ញុំធ្វើមន្ទីរស-២១ ខ្ញុំក៏បានធូរចិត្តម្យ៉ាងដែរ ដោយខ្ញុំធ្វើអនុប្រធានគេ ។ បន្ទាប់មកខ្ញុំធ្វើប្រធាន ខ្ញុំតវ៉ាទៀត សុំយកអ្នកផ្សេងមកធ្វើប្រធាន ខ្ញុំធ្វើអនុប្រធាន ខ្ញុំត្រូវគេកំហែង ។ ខ្ញុំក៏ព្រមធ្វើតទៅទៀត ។
រឿងដែលខ្ញុំចាប់ផ្ដើមតក់ស្លុត ចាប់ផ្ដើមនឹកឃើញគឺ ថ្ងៃ៣១ មករា ១៩៧៧ នៅពេលដែល សុន សេន គាត់ បញ្ជាឲ្យចាប់កម្មាភិបាលភូមិភាគឧត្តរចាស់ មកជាចំនួនច្រើនៗម្ដង ខ្ញុំតក់ស្លុតណាស់ ។ ខ្ញុំសាកល្បង សុំយោបល់ គាត់ថាបង មនុស្សនេះដូចជាមិនមែន ។ គាត់កំហែងខ្ញុំ ពីខាងម្ខាងទូរស័ព្ទមកថា “យើ ឌុច! ចម្លើយអាធួនណា៎!” ។ ខ្ញុំលែងហ៊ានមាត់ ។ ខ្ញុំគិតក្នុងចិត្ត “ឱ! អ្នកដែលបានប្ដូរផ្ដាច់អាយុជីវិតដើម្បីរំដោះជាតិ ប្រជាជនខ្លួន ឥឡូវធ្លាក់ មក ស្លាប់ ធ្លាក់មកជាប់គុក ក្នុងឋានៈជាជនក្បត់បក្ស” ។
ខ្ញុំសូមបញ្ជាក់ជូនជាតិប្រជាជន តាមរយៈអង្គជំនុំជម្រះសាលាដំបូងនេះថា ខ្ញុំនិង កម្មាភិបាលឧត្តរ មានមនោសញ្ចេតនាជ្រាលជ្រៅនឹងគ្នាណាស់ ។ ខ្ញុំជាប់គុកកាលពីឆ្នាំ១៩៦៨ ភាគច្រើនជាមួយពួកអស់នេះដែរ ។ ការរន្ធត់តក់ស្លុតរបស់ខ្ញុំចេះតែបន្តទៅទៀតនៅពេល ដែលគេចាប់ មនុស្សពីភូមិភាគផ្សេងៗ ចុងបញ្ចប់ គេចាប់បង ង៉ែត ញូ ហៅ ហុង មកនៅថ្ងៃ១៣ មីនា ១៩៧៨ ។ ខ្ញុំគិតថា “អីយ៉ាស់! អាយុជីវិតខ្ញុំជិតដល់ពេលហើយ” ដូច្នេះ ការតក់ស្លុតចំពោះការត្រូវគេចាប់ចងវាម្យ៉ាង ការតក់ស្លុតចំពោះអាយុជីវិតខ្លួនឯងក្រែងមិនរស់ នេះក៏ម្យ៉ាងទៅទៀត ។
ដល់ចុងបញ្ចប់ មេធំរបស់ខ្ញុំ គឺបងទី២ បញ្ជាឲ្យខ្ញុំបញ្ចេញជនរងគ្រោះពីស-២១ ឲ្យអស់ទៅជើងឯក ។ ខ្ញុំថា “ដល់ពេលហើយជីវិតខ្ញុំ” ពេលនោះខ្ញុំធ្វើការអត់កើតទេ ។ខ្ញុំដេកនៅផ្ទះទាំងយប់ទាំងថ្ងៃ សួរចុះអ្នក ដែលខ្ញុំធ្លាប់ទៅអង្គុយនៅកន្លែងគូរឆ្លាក់ គេអត់ឃើញមុខ ខ្ញុំទៅទីនោះទៀតទេ ។
ចុងបញ្ចប់ ម៉ោង១១ ថ្ងៃ៧ មករា រថក្រោះគេបរមុខកាត់មុខផ្ទះខ្ញុំ ខ្ញុំចប់លែង ដឹងធ្វើអី ។ ម៉ោង២ ខ្ញុំនាំគ្នាចេញពីកន្លែងទីតាំងស-២១ ទៅនៅកន្លែងសន្សំកុសល ចាំយប់ព្រលប់ៗ បានខ្ញុំ ចេញទៅទៀត ។
ក្នុងមួយឆ្នាំនៃការរត់ភៀសសឹក ខ្ញុំបាត់បង់អស់អាយុជីវិតមនុស្សដែលនៅជុំវិញខ្ញុំ ដែលទៅជាមួយ ខ្ញុំទាំងប៉ុន្មាន ប្អូនខ្ញុំ២នាក់ស្លាប់, ក្មួយខ្ញុំ៦នាក់ស្លាប់, ប្រពន្ធមិត្តប៉ុន រួមទាំងមិត្តប៉ុនទៀត ទាំងកូនមិត្តប៉ុន ទៀតស្លាប់, ប្រពន្ធបង ម៉ម ណៃ ស្លាប់, មិត្តយើងផ្សេងទៀតស្លាប់ៗគ្មានសល់ ចុងបញ្ចប់នៅសល់តែខ្ញុំម្នាក់ឯង ។ គ្នាបួននាក់ មិនមែនម្នាក់ឯងទេ ។ ខ្ញុំ ហើយនិងប្រពន្ធខ្ញុំ ហើយនិង កូនពីរនាក់ ។ នៅពេលនោះខ្ញុំចង់សុំចេញពី មិនព្រមនៅជាមួយ នឹងបង សារុន ឈ្មោះដើម វៀង ឯម អនុលេខាភូមិភាគពាយព្យថ្មី ។ គាត់តាមទៅឲ្យគេទៅហៅខ្ញុំមកវិញ កាំភ្លើងបើកសោ (ឮមិនច្បាស់)  ខ្ញុំថា “អើស! មនុស្សជាងមួយលាននាក់ស្លាប់ទៅហើយ ខ្ញុំបួននាក់ទៀតអត់អីទេ ស្លាប់ទៅចុះ!” ។ ដូច្នេះចំពោះអាយុជីវិតមនុស្ស និងអាយុជីវិតប្រជាជន កាលណានឹកដល់អាយុ ជីវិតមនុស្ស ដែល ស្លាប់បាត់បង់ទៅក្នុងរបបនេះ អាយុជីវិតខ្ញុំមួយអត់ការ ។  ខ្ញុំគិតអ៊‍ីចឹង ។
នេះចំពោះអាយុជីវិតខ្ញុំ ខ្ញុំឲ្យតម្លៃប៉ុណ្ណឹង ។ ដូច្នេះ ក្នុងមួយឆ្នាំហ្នឹងខ្ញុំធ្វើអីអត់កើតទេរហូតៗ ដេកសំកុក ។ ចុងបញ្ចប់ខ្ញុំនឹកឃើញវិធីមួយគឺសែនសុំទោសជនរងគ្រោះ សែនសុំទោសឪពុកម្ដាយដែលបង្កើតខ្ញុំមក ប្រាថ្នាឲ្យកូនល្អ ខ្ញុំខ្លួនឯងក៏ប្រាថ្នាសងគុណមាតាបិតា រកផ្លូវល្អ ដល់ចុងបញ្ចប់ធ្លាក់ទៅលើផ្លូវអាក្រក់ ។
ខ្ញុំបង្កើតវិធីមួយ ដើម្បីលួងអារម្មណ៍ខ្លួនឲ្យបានស្ងប់បន្តិច គឺសែនសុំទោសមុនដំបូងគ្រាន់តែសុំទោស ម្ដាយឪពុកខ្ញុំ ហើយនិងគ្រូបាអាចារ្យខ្ញុំទេ ដល់យូរទៅវាជាការ សែន សុំទោសជាតិប្រជាជនទាំងមូល ។ រាល់ថ្ងៃ១៧ វិច្ឆិកា ដែលជាថ្ងៃកំណើតខ្ញុំ រាល់ឆ្នាំឲ្យតែថ្ងៃ១៧ វិច្ឆិកា ខ្ញុំមិនដែលធ្វើអីកើតទេ ។ ខ្ញុំតែងធ្វើស្អីមួយបន្តិចបន្តួច សម្រាប់ ជាការរំឭកនឹកដល់វិប្បដិសារីរបស់ខ្ញុំ។ ក្នុងឆ្នាំនេះ ខ្ញុំបានគូរគំនូរមួយ ប្រសិនបើលោកប្រធាន និងអង្គជំនុំជម្រះ សាលាដំបូងលោកអនុញ្ញាតខ្ញុំលើកបង្ហាញជូន ។
ប្រតិចារឹកថ្ងៃទី៧ ខែមេសា ឆាំ្ន២០០៩ ទំព័រ១១ [បន្ទាត់២៤-២៥] ដល់ ទំព័រ១២ [បន្ទាត់១-]
ខ្ញុំសូមជម្រាបលោកចៅក្រមដោយស្មោះថា ខ្ញុំទទួលខុសត្រូវលើឧក្រិដ្ឋកម្មដែលធ្វើទារុណកម្មមនុស្ស នេះចម្លើយ ដែលបានមកពីទារុណកម្មទាំងប៉ុន្មានធ្លាក់ទៅលើអាយុជីវិតអ្នកផ្សេងទៀតក៏ខ្ញុំទទួលដែរ ខ្ញុំអត់ប្រកែកទេ ។ គ្រាន់តែ នេះ ខ្ញុំសូមបញ្ជាក់ជូនលោកចៅក្រម អំពីការពិតដែលកើតមាននៅទីនោះ ។ ទោះបីខ្ញុំ ក្នុងឋានៈខ្ញុំតាំងខ្លួន ជាស្នងការ ម្នាក់ ដែលបញ្ជាទៅលើអធិការក៏ដោយ ក៏ខ្ញុំនៅតែទទួល ខុសត្រូវថាឧក្រិដ្ឋកម្មនេះវាកើតពីខ្លួនខ្ញុំ ។ សូមទោស ខ្ញុំងាកទៅឃើញមុខលោក ជុំ ម៉ី ខ្ញុំអត់បាន ទៅវ៉ៃ លោក ជុំ ម៉ី ទេ មិត្តផ្សេងគាត់វ៉ៃ លោក ជុំ ម៉ី តែខ្ញុំបញ្ជា ឲ្យនៅលើហ្នឹង ខ្ញុំសូមទោសលោកជុំ ម៉ី ។
ប្រតិចារឹកថ្ងៃទី៧ ខែមេសា ឆាំ្ន២០០៩ ទំព័រ២១ [បន្ទាត់១៧-២២]
ឧក្រិដ្ឋកម្មក្នុងការកម្ទេចមនុស្សទោះបីគេសម្រេចពីខាងលើមកទុកជាគោលការណ៍ហើយក៏ដោយ ក៏ពេលជំទាស់ណា មួយខ្ញុំធ្វើ រាល់ពេល ។ ដូច្នេះឧក្រិដ្ឋកម្មនេះគឺវានៅលើខ្ញុំដដែល ។ ដូច្នេះហើយ បានជាពេលម្សិលមិញ ខ្ញុំនិយាយថា វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ ដែលបាត់បង់ជីវិតនៅអមលាំង ខ្ញុំនៅតែសុំខមាទោស ។ ខ្ញុំនៅតែរំឭកឈ្មោះ ឡើងវិញ ដើម្បីសរសេរសៀវភៅមួយនេះពីបញ្ហា កម្ទេច ។ ខ្ញុំអត់គេចអំពីឧក្រិដ្ឋកម្មដែលត្រូវធ្លាក់មកលើក្បាលខ្ញុំទេ ខ្ញុំទទួល ប៉ុន្តែការពិតវាបែបនេះ ។
ប្រតិចារឹកថ្ងៃទី៧ ខែមេសា ឆាំ្ន២០០៩ ទំព័រ៣៣ [បន្ទាត់៧-១៨]
ខ្មោចជនរងគ្រោះដែលសម្លាប់នៅមន្ទីរ-១៣ វាអត់ដែលទៅណាឆ្ងាយអំពីទីតាំងរបស់មន្ទីរ-១៣ ហ្នុងទេ យ៉ាងច្រើន មួយរយម៉ែត្រ ។ ដូច្នេះមន្ទីរ-១៣ វាមានកន្លែងវាបី ។ គឺកន្លែងទីមួយនៅថ្មគុប ត្រង់ម្តុំ អន្លង់វែង កន្លែងទីពីរ គឺនៅ តាលាវ ដែលយើងខ្ញុំកម្ទេចឬហៅថា “សម្លាប់” តិចបំផុត ហើយកន្លែងទីបី នៅត្រពាំងត្រោប ភូមិត្រពាំងត្រោប ក៏ចន្លោះស្ទឹងនិងត្រពាំងច្រាប ។ ភស្តុតាងដែលនៅសល់ វាអាច បញ្ជាក់បានថា ខ្មោចហ្នឹងវាមានអាយុពីអង្កាលមក? ហើយវាមានចំនួនប៉ុន្មានច្បាស់លាស់? សម្រាប់ បញ្ជាក់នូវសេចក្ដីដែលខ្ញុំសារភាពការស្មោះត្រង់ជូនជាតិប្រជាជនរបស់ខ្ញុំ ។ ឯចំណែកសពផ្សេងទៀត នៅកន្លែងផ្សេងទៀត វាជាសពរបស់មនុស្សខ្មែរ ជាសពខ្មែរដែលស្លាប់ទៅ ដោយសារស្នាដៃបក្ស កុម្មុយនីស្តកម្ពុជា ។ ខមាទោស ខ្ញុំសុំខមាទោសដដែល អត់ប្រកែកទេ ក៏ប៉ុន្តែទន្ទឹម នឹងនេះខ្ញុំក៏សម្ដែង ការសោកស្ដាយប៉ុណ្ណោះ ហើយនិងរំលែកទុក្ខចំពោះក្រុមគ្រួសារញាតិមិត្តនៃសព ។
ប្រតិចារឹកថ្ងៃទី៩ ខែមិថុនា ឆាំ្ន២០០៩ ទំព័រ៤៤ [បន្ទាត់២១-២៥] ដល់ទំព័៤៥ [បន្ទាត់១-]
លោកប្រធានជាទីគោរព! ការសោកស្ដាយ ការឈឺចាប់ វាអត់ស្រាកស្រាន្តទេ វាអត់ស្ងប់ទេ ។ វាអត់ស្ងប់ទេ ។ កាលណានឹកដល់រឿងចាស់ ខ្ញុំនៅស្មោះត្រង់នឹងវិប្បដិសារីរបស់ខ្ញុំជានិច្ច ។ ខ្ញុំមិនក្បត់វិប្បដិសារីរបស់ខ្ញុំ ខ្ញុំមិនលុប បំបាត់វិប្បដិសារីខ្ញុំនេះ ចោលទទេៗទេ ខ្ញុំចងចាំជានិច្ច ខ្ញុំឈឺចុកចាប់ណាស់ ខ្ញុំតែងតែនិយាយថា សម្រេចខុស គឺ សម្រេចតែមួយដង្ហើមទេ តែរងទុក្ខ រងការឈឺចាប់ រងការសោកស្ដាយមួយជីវិត ។ ដូច្នេះការដែលខ្ញុំឱន ក្បាលចូល មកទទួលជំនុំជម្រះនេះ គឺជំនុំជម្រះចំពោះ ឧក្រិដ្ឋកម្មដែលខ្ញុំធ្វើ។ ខ្ញុំមិនឆ្លើយទម្លាក់កំហុសទាំងស្រុងនៅលើមេទេ ទៅលើមេខ្ញុំទេ ហើយក៏មិន ទម្លាក់កំហុសទៅលើកូនចៅខ្ញុំដែរ មានន័យថា ខ្ញុំអត់គេចយករួចខ្លួនទេ ។ ឧក្រិដ្ឋកម្មនេះ ថ្វីត្បិតតែមាន តួនាទីរបស់មេ ក៏វាមានតួនាទីរបស់ខ្ញុំដែរ នៅស-២១ឧក្រិដ្ឋកម្មទាំងអស់ខ្ញុំទទួលតែម្នាក់ឯង គ្មានគេច គ្មានទម្លាក់កំហុសទៅលើកូនចៅទាល់តែសោះ កំហុសឧក្រិដ្ឋកម្មទូទាំងប្រទេស ដូចដែលខ្ញុំបានថ្លែង ការណ៍នៅពេល បើកសវនាការនេះអ‍៊ីចឹង ។ ខ្ញុំទទួលខុសត្រូវខាងផ្លូវចិត្ត ចំពោះការវិនាសហិនហោច របស់ប្រជាជនកម្ពុជាយើងទាំងមូល ខ្ញុំរំលែកទុក្ខវេទនា សុំរំលែកទុក្ខ។
ប្រតិចារឹកថ្ងៃទី៩ ខែមិថុនា ឆាំ្ន២០០៩ ទំព័រ៤៦ [បន្ទាត់២-១២]
ខ្ញុំសូមអនុញ្ញាតបន្តទៅទៀត។ ការអនុវត្តនយោបាយនេះនៅទូទាំងប្រទេស ក៏ដូចជានៅស-២១។នៅស-២១ វាមាន ឧក្រិដ្ឋកម្មទៅលើមនុស្ស យ៉ាងតិចណាស់ក៏មួយម៉ឺនពីរពាន់បីរយប៉ែតសិប(១២៣៨០)នាក់ដែរ នៅទូទាំងប្រទេស ខ្ញុំមិនទាន់មានតួលេខច្បាស់លាស់ទេ តែខ្ញុំជឿថាជាងមួយលាននាក់ នេះជាការអនុវត្តមាគ៌ានយោបាយខុស ។ ខុសនេះ ខ្ញុំខុសនឹងគេដែរ មិនមែនរឿងមេតែម្នាក់ឯងទេ មានតួនាទីរបស់ខ្ញុំនៅក្នុងនុ៎ង ទូទាំងប្រទេស តួនាទីរបស់ខ្ញុំ ក្នុងថ្នាក់ ជាសមាជិកបក្សម្នាក់ ខ្ញុំអត់ចោលទេ ការទទួលស្គាល់កំហុសនេះ កំហុសនេះ គឺពិតជាកំហុសក្នុង ការអនុវត្តមាគ៌ា នយោបាយហើយ ។ នៅស-២១ កំហុសនេះកំហុសនៃការអនុវត្តមាគ៌ានយោបាយរបស់បក្ស ដែលជាមាគ៌ាមហាឧក្រិដ្ឋ ដូចខ្ញុំបានបញ្ជាក់ព្រឹកមិញអ‍៊ីចឹង ឧក្រិដ្ឋជាងមាគ៌ារបស់ពួកអាក្រុមបួននាក់នៃមហាបដិវត្តន៍វប្បធម៌ចិនតទៅ ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សជាងមួយម៉ឺននាក់ ។ ខ្ញុំចាំអត់ភ្លេចទេរឿងអស់ទាំងនេះ ។ នេះសូមសារភាពជូន តុលាការជូនជាតិប្រជាជនកម្ពុជា ឲ្យលោកយល់បញ្ហានេះ ។ នេះខ្ញុំអត់ចោលទេវិប្បដិសារី។      វិប្បដិសារី គឺក្នុង ការអនុវត្តមាគ៌ានយោបាយខុសនេះឯង នេះខ្ញុំសុំ បញ្ចប់ ប៉ុណ្ណេះ។
ប្រតិចារឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៩ទំព័រ៦៧ [បន្ទាត់២-]
សូមសរុបមកវិញ រូបថតដែលខ្ញុំអង្គុយបង្រៀនឯកសារហ្នឹង បើមើលអាឥឡូវនេះទៅ វាហាក់ដូចជាជំនាន់នោះ ខ្ញុំវាសម្បើមណាស់ ភ្ញាក់រំឭកវណ្ណៈ ។ ក៏ប៉ុន្តែ តាមពិត ដល់មើលអាឥឡូវ វិភាគឲ្យមែនទែន គឺជារូបថតមួយគួរឲ្យ ខ្មាស់ អៀន គួរឲ្យតក់ស្លុតនឹងឧក្រិដ្ឋកម្មដែលខ្ញុំបានប្រព្រឹត្តិទៅលើមនុស្ស ជីវិតមនុស្សមួយម៉ឺនពីរពាន់បីរយផ្លាយនាក់  ។ ដូច្នេះ ខ្ញុំសូមទទួលទាំងអស់ ឧក្រិដ្ឋកម្មនៅស-២១ ទាំងប៉ុន្មាន ។ ទន្ទឹមនេះ ខ្ញុំជំពាក់បក្ខជនម្នាក់ខ្ញុំតក់ស្លុត នឹងការ បាត់បង់អាយុជីវិតប្រជាជនកម្ពុជាជាងមួយលាននាក់ ។ ខ្ញុំទទួលខុសត្រូវខាងផ្លូវចិត្តចំពោះការបាត់បង់អាយុជីវិត ប្រជាជនទាំងមួយលានជាងនាក់ ជារៀងរហូត ។ ហ្នឹង ខ្ញុំសូមបញ្ចប់ប៉ុណ្ណេះ ។
ប្រតិចារឹកថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០០៩ ទំព័រ៧១ [បន្ទាត់៨-១៥]
ជម្រាបប្រសាសន៍លោក ម៉េង ចំពោះរូបលោកម្នាក់ ខ្ញុំក្ដុកក្ដួលណាស់ យើងធ្លាប់រស់នៅជាមួយគ្នា សុខភាពលោក ល្អ ខ្ញុំតក់ស្លុតណាស់ នៅពេលដែលជួបលោកពីអង្កាល់ថ្ងៃ២៨ កុម្ភៈ ២០០៨ នៅមុខលោកចៅក្រមស៊ើបអង្កេត ។ ខ្ញុំចង់បំពេញបំណងរបស់លោកឲ្យច្បាស់ ក៏ប៉ុន្តែវាហួសសមត្ថភាពខ្ញុំ ។ ការងារជាក់ស្ដែងបែបនេះ គេអ្នកធ្វើខាង ក្រោម ។ ក៏ប៉ុន្ដែខ្ញុំសុំសន្និដ្ឋានជូនលោកថា ប្រពន្ធលោកប្រហែលជាអាចទៅឯបឹងជើងឯកឯណោះ នេះគឺខ្ញុំសុំសន្និដ្ឋាន ប៉ុណ្ណឹង  ។   ទន្ទឹមនេះខ្ញុំក៏ចង់ឲ្យកាន់តែច្បាស់ទៅទៀត សុំអង្វរកចិត្តលោកសាយសេចក្ដីមេត្តាដល់មិត្តហ៊ុយ ទៅសួរវា បើសិនជាវាអាចជួយ លោកប្រហែលជាមានប្រសិទ្ធភាពជាងខ្ញុំ នេះខ្ញុំសុំជម្រាបប៉ុណ្ណឹង ។ សូមលោកមេត្តា ទទួលនូវ សេចក្ដីគោរពរបស់ខ្ញុំចំពោះវិញ្ញាណក្ខន្ធប្រពន្ធលោក ។ នេះខ្ញុំសូមបញ្ជាក់ជូនប៉ុណ្ណេះ ។
ប្រតិចារឹកថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០០៩ ទំព័រ៧៣ [បន្ទាត់១១-២១]
នេះខ្ញុំសូមបញ្ជាក់ ជូនជាតិ ប្រជាជនកម្ពុជាថា ឧក្រិដ្ឋកម្មនេះធ្ងន់ធ្ងរណាស់ វាជាឧក្រិដ្ឋកម្មរបស់អ្នកខាងលើក៏ពិតមែន ក៏ប៉ុន្ដែកម្លាំងអ្នកខាងក្រោមដែលជាបក្ខជនវានៅមានក្នុងនុ៎ង ក្នុងទូទាំងប្រទេស មនុស្សអស់ជាងមួយលាននាក់ ។ ខ្ញុំក្នុងឋានៈជាបក្ខជនមួយរូបខ្ញុំអត់គេចទេ សុំទទួលខុសត្រូវចំពោះខាងផ្លូវចិត្តចំពោះវិញ្ញាណក្ខន្ធទាំងអស់។ ដោយ ឡែកនៅមន្ទីរស-២១ ជីវិតមនុស្សជាងមួយម៉ឺននាក់ ខ្ញុំទទួលខុសត្រូវខាងផ្លូវច្បាប់ អោនក្បាលជូន អ.វ.ត.ក ជំនុំជម្រះ ខ្ញុំតែម្នាក់ឯងក្នុងក្របខណ្ឌមន្ទីរស-២១ គ្មានឲ្យទាក់ទងដល់កូនចៅណាទេ ។ នេះខ្ញុំទទួលប៉ុណ្ណឹងទាំងស្រុង ។ ហើយ វិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ បានអធិដ្ឋានជូនគេជាប់លាប់ជាប្រចាំខ្ញុំអត់ភ្លេចទេ។ ដូច្នេះខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹង។     និយាយនេះ ដើម្បីមិនមែនគេចកែអំពីទារុណកម្ម អំពីឧក្រិដ្ឋកម្មរបស់ខ្លួនទេ និយាយលាតត្រដាងឲ្យវាឃើញថាទទួល ស្គាល់ឧក្រិដ្ឋកម្មត្រឹមកម្រិតណា? ហើយនេះខ្ញុំសូមបញ្ចប់ប៉ុណ្ណេះ ។
ប្រតិចារឹកថ្ងៃទី០២ ខែកក្កដា ឆាំ្ន២០០៩ ទំព័រ៦៨ [បន្ទាត់១២-២២]
ជម្រាបប្រសាសន៍លោកប្រធាន ខ្ញុំសូមបញ្ជាក់តាម ដែលការខ្ញុំបានស្ដាប់សក្ខីកម្មរបស់លោក នង ចាន់ផលនេះ ។ ដំបូងខ្ញុំសូមទទួលស្គាល់ថា សក្ខីកម្មនេះ វាបញ្ចាំងឲ្យឃើញទុក្ខវេទនា ការនិរាសប្រាសព្រាត់របស់លោកនង ចាន់ផល ពិតប្រាកដមែន ។ ដំបូង នៅពេលដែលមុនឹងឃើញឯកសារជីវប្រវត្តិរបស់លោក នង ចិន ជាឪពុកលោក នង ចាន់ផល ខ្ញុំគិតថា ឧក្រិដ្ឋកម្មនេះវានៅក្រៅ ស-២១ ទេ ។ ប្រហែលជាលោក នង ចិន រងទុក្ខវេទនា នៅមន្ទីរ នគរបាលមួយផ្សេងទៀត ។ ដល់ឃើញប្រវត្តិរូបរបស់លោកនង ចិន ដែលចុះនៅលេខ TSL បានន័យថាទួលស្លែង លេខ 0529 ខ្ញុំទទួលស្គាល់ហើយ ថាលោកនង ចិន ពិតជាមកស្លាប់នៅកន្លែងនេះ ។ ដោយឡែកម្ដាយរបស់លោកនង ចាន់ផល អត់ទាន់ឃើញឯកសារអីទេ ។ ដូច្នេះខ្ញុំសូមញែកបញ្ហានេះជាពីរ ។ ទីមួយ បើសិនជាមានប្រវត្តិរូបអ៊‍ីចឹងមក ទៀត និយាយអំពីម្ដាយលោក នង ចាន់ផល លទ្ធភាពវាតែម្យ៉ាង គឺវាត្រូវស្លាប់ទាំងអ្នកមីងមុំ យៅ ហើយវាស្លាប់ទាំង លោកនង ចាន់ផល និងប្អូនផង ។ ស-២១ អត់ដែលទុកកុមារទេ ។ នេះខ្ញុំសូម ជម្រាបលោកដោយត្រង់ ។ នេះ លទ្ធភាពវាទៅអ៊‍ីចឹង ។
ប្រតិចារឹកថ្ងៃទី៨ ខែកក្កដា ឆាំ្ន២០០៩
ទំព័រ៤ [បន្ទាត់២-]
ជម្រាបប្រសាសន៍លោកប្រធាន! សូមគោរពអង្គជំនុំជម្រះសាលាដំបូងជាទីគោរព! ឯកសារនេះខ្ញុំទទួលស្គាល់ ។ ទីមួយ ជាឯកសារនៅទួលស្លែង ដោយមាន TSL ជាភស្តុតាងស្រាប់ ហើយទីពីរអក្សរដៃ ខ្ញុំទទួលស្គាល់ទៀតថា ពិតជាអក្សរដៃបុគ្គលិករបស់មន្ទីរស-២១ ។ ទន្ទឹមនេះតាមរយៈអង្គសវនាការយើងនេះ ខ្ញុំសូមទោសដល់លោក នង ចាន់ផល ដែលពេលនោះខ្ញុំ មិនទាន់ឃើញឯកសារ ខ្ញុំមានការខុសឆ្គងទៅលើគាត់ខ្លះ ។ ដូច្នេះ ខ្ញុំសូមបញ្ចប់ប៉ុណ្ណេះ។
ប្រតិចារឹកថ្ងៃទី៨ ខែកក្កដា ឆាំ្ន២០០៩
ទំព័រ៨០ [បន្ទាត់១៤-២១]
សរុបមកខ្ញុំជឿថា មិត្តម៉េត ជិន ម៉េត នេះ រងទុក្ខវេទនាដែលគេឃុំឃាំងសួរចម្លើយនៅកង ៤៥០ ។ ខ្ញុំនិយាយ យ៉ាងនេះ មិនមែនចង់បដិសេធឧក្រិដ្ឋកម្មខ្លួនឯងទេ ក៏ប៉ុន្ដែការបញ្ជូនទៅស-២១ តែបញ្ជូនចូលទៅដល់អា មជ្ឈមណ្ឌល គុកនៅភ្នំពេញហើយ អត់ចេញទេ មិត្តម៉េត គឺមិត្តនៅនុ៎ង ខ្ញុំយកទៅជើងឯកហើយ ។ ដូច្នេះខ្ញុំទទួលស្គាល់ថា មិត្តចេញ ពី៤៥០ ទៅចូលព្រៃស ។ នេះគឺប៉ុណ្ណឹងដូច្នេះបានជាខ្ញុំពិបាកនឹងនេះ ។ សរុបមកខ្ញុំមិនបដិសេធឧក្រិដ្ឋកម្មអីទេ ក៏ប៉ុន្ដែ ចង់បញ្ជាក់ថា ការប្រតិបត្តិជំនាន់នុ៎ងវាអ‍៊ីចឹងចេញ ពីកងពលឲ្យតែទៅចូលក្នុងស-២១ភ្នំពេញ ហើយអត់មានអ្នកណានៅរស់ទេ គ្មានសល់បានរស់ទេ ស្លាប់អស់ហើយ ។ នេះខ្ញុំគ្រាន់តែសុំបញ្ជាក់ប៉ុណ្ណេះសុំចប់ ។
ប្រតិចារឹកថ្ងៃទី៩ ខែកក្កដា ឆាំ្ន២០០៩
ទំព័រ៣២ [បន្ទាត់១៦-១៧]
ជម្រាបប្រសាសន៍លោកមេធាវី! ចំពោះករណី មិត្តម៉េត ខ្ញុំអត់ទទួលខុសត្រូវខាងផ្លូវចិត្តទេខ្ញុំទទួលខុសត្រូវពេញមុខ ចំពោះឧក្រិដ្ឋកម្មនេះតាមផ្លូវច្បាប់ នេះខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះ ។ សូមចប់ ។
ប្រតិចារឹកថ្ងៃទី១៣ ខែកក្កដា ឆាំ្ន២០០៩
ទំព័រ៤១ [បន្ទាត់៩-១២]
លោកប្រធានជាទៅគោរព!   ខ្ញុំសូមជូនជាសេចក្ដីសង្កេតដូចតទៅ៖   ទីមួយ  ទុក្ខវេទនារបស់ប្រជាជនកម្ពុជាទូទាំង ប្រទេសជំនាន់នោះ ខ្ញុំអត់គេចទេ ខ្ញុំពិតជាទទួលខុសត្រូវខាងផ្លូវចិត្ត ។ ដោយឡែកជនរងគ្រោះទាំងឡាយណា ដែល បាត់បងជីវិតនៅមន្ទីរស-២១ ខ្ញុំទទួលខុសត្រូវទាំងពីរ ទាំងផ្លូវច្បាប់ទាំងផ្លូវចិត្ត  ។
ប្រតិចារឹកថ្ងៃទី២២ ខែកក្កដា ឆាំ្ន២០០៩ ទំព័រ៤២ [បន្ទាត់២-]
ខ្ញុំមិនទាមទារឲ្យកូនចៅណាម្នាក់មកជាមួយនិងខ្ញុំ នៅទីនេះប្រឈមមុខនឹងតុលាការទេ ។ ខ្ញុំទទួលខុសត្រូវចំពោះមុខ ច្បាប់ និងខាងផ្លូវចិត្តតែម្នាក់ឯងក្នុងក្របខ័ណ្ឌ ស-២១ ។
ប្រតិចារឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ទំព័រ៤០ [បន្ទាត់២-២៥] ដល់ទំព័រ ៤១ [បន្ទាត់១]
លោកប្រធានជាទីគោរព! សក្ខីកម្មរបស់អ្នកស្រី ប៊ូ ថុន វាចេញមកពីចិត្តក្លាហានរបស់គាត់ ដែលនិយាយការពិត ហើយវាចេញមកពីទុក្ខវេទនាដែលនៅរ៉ាំរ៉ៃក្នុងខ្លួនគាត់ច្រើនឆ្នាំហើយ ។ កូនអស់បីបួននាក់ ។ បីនាក់ស្លាប់ដោយ មិន ដឹងរឿង ហើយកូនចុងក្រោយត្រូវស្លាប់នៅក្នុងដៃក្នុងពេលរត់ ។
នេះក៏សន្មតថាអស់បួននាក់ទាំងស្រុង ។ ខ្ញុំទទួលថាទាំងបួននាក់ ។ ប្ដីក៏អស់ ។ ខ្ញុំអត់និយាយ លើកកំហុសថា នេះគឺមកពីអ្នកស្រីជាសមាសភាព១៧ មេសា ទេ ។ ជាមាគ៌ាបក្សកុម្មុយនីស្ដកម្ពុជា មនុស្ស១៧ មេសា គេអស់យកប្រើទេ ក៏ប៉ុន្តែប្រហែលជា កុយ ធួន ធ្វើខុសមាគ៌ា ។ ក៏ប៉ុន្តែ ការសម្លាប់មនុស្សដែលមាននៅក្នុងជួរហើយ វាជារឿងមួយស្ថិតនៅក្នុងអាណត្តិដែល ប៉ុល ពត កាន់កាប់ ។ ដូច្នេះ សម្រេចយកលោក ភោគ ហ៊ន យកចេញពីក្រសួងថាមពល ក៏អចិន្ត្រៃយ៍សម្រេច ។
សូមបញ្ជាក់ថា ក្រសួងថាមពលនៅពេលក្នុងឆ្នាំ១៩៧៦ ចាប់ពីពាក់កណ្ដាលឆ្នាំ១៩៧៦ ទៅប្ដូរអ្នកដឹកនាំហើយ មិនមែននៅលើបង រិទ្ធ តទៅទៀតទេ គឺនៅលើបង អ៊ុក ហើយនិងមិត្តឆុន ។ ក៏ប៉ុន្តែ ប្ដូរអ្នកណាក៏ដោយមាគ៌ាវានៅតែជាមាគ៌ារបស់បក្ស ។ ដូច្នេះ កាលដែលយកលោក ភោគ ហ៊ន ចេញមកក៏ជាមាគ៌ាបក្សកុម្មុយនីស្តកម្ពុជា ហើយប្រគល់ មកគឺគ្មាន ប្រគល់ ទៅណាទេ បញ្ជីមានច្បាស់ហើយ ភោគ ហ៊ន នៅចូលមកដល់ស-២១ ។ ដោយឡែកតែកុមារបីនាក់ ដែលជា កូនរបស់លោក ភោគ ហ៊ន និងអ្នកស្រី ប៊ូ ថុន អត់មានបញ្ជីក៏ពិតមែន ខ្ញុំក៏ជឿដូចអ្នកស្រី ប៊ូ ថុន ដែរ ថាអត់ទៅ ណាទេ នៅនុ៎ង ។
ដូច្នេះ មួយឆ្នាំៗ អ្នកស្រីអញ្ជើញទៅបឹងជើងឯក អត់ខុសទេកន្លែងហ្នឹង សពប្ដីអ្នកស្រី សពកូនអ្នកស្រីគឺនៅទីនោះ ។ កំហឹងធ្លាយពេលនេះ គឺពិតជាកំហឹងរបស់ប្រជាជនកម្ពុជាម្នាក់ ។ ក្នុងចំណោមប្រជាជនកម្ពុជារាប់លាននាក់ដែលបាត់បង់ប្ដី ស្រី កូន ចៅ នៅពេលនោះ ខ្ញុំទទួល ។ ទឹកភ្នែកនេះ ជាទឹកភ្នែកសុចរិត ។ ខ្ញុំទទួលដោយគោរព បើសិន និយាយពីទោសកំហុសនិងការសោកស្ដាយ ចង់ជាតិប្រជាជនកម្ពុជា ចង្អុលមុខខ្ញុំយ៉ាងម៉េច ថ្កោលទោសយ៉ាងម៉េច សូមអញ្ជើញចិត្តប្រជាជនកម្ពុជាលោកធ្វើចុះ។ បើសិនជាមានទំនៀមទម្លាប់ខ្មែរ ដូចជំនាន់ ក្រោយពីព្រះយីស៊ូគ្រឹស្តសុគតទៅបន្តិច គេគប់ដុំថ្មទៅលើស្តេហ្វាន់ ទៅលើ អេចែន ។ ប្រជាជនកម្ពុជាលោកធ្វើអ៊‍ីចឹងចំពោះខ្ញុំក៏ខ្ញុំទទួលដែរ ។ ជីវិតខ្ញុំមួយ ប្រៀបធៀបនឹងជីវិតប្រជាជនដែលបាត់បង់ជីវិតទៅនៅក្នុងពេលនោះរាប់លាននាក់ ខ្ញុំអត់មានឃើញជីវិតខ្ញុំ ថ្លៃថ្នូរអីទេ....
ប្រតិចារិកថ្ងៃទី១៧ សីហា ២០០៩ទំព័រ៣៣ [បន្ទាត់៥-២២]
លោកប្រធានជាទីគោរព! ដំបូងខ្ញុំសូមអនុញ្ញាតនិយាយទៅរកអ្នកស្រី លើហ្វឺវ ដូចតទៅ៖
ខ្ញុំសូមទទួលស្គាល់ថា ប្រវត្តិរូបរបស់ក្រុមគ្រួសារលោកស្រី វាជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលខ្ញុំនិយាយថា សច្ចធម៌ ប្រវត្តិសាស្ត្រព្រោះវាមានលក្ខណៈអមតៈ ។ បានន័យថា ពេលណាគេចង់ស្រាវជ្រាវអំពីទុក្ខវេទនារបស់ប្រជាជនខ្មែរ គេរត់ទៅរត់ទៅរកឯកសាររបស់អ្នកស្រី លើហ្វឺវ នេះពិតប្រាកដ ។ ដូច្នេះសច្ចធម៌ពិតប្រាកដវាប្លែកពីផ្កា ។ ផ្កាវាមាន អាយុកាលរបស់វា វាចេះរីកវាចេះរោយ ឯចំណែកសច្ចធម៌ប្រវត្តិសាស្ត្រវាអត់ចេះរីកចេះរោយទេ វាជាសច្ចធម៌ជារៀងរហូត ។ ទុកវេទនារបស់ប្រជាជនកម្ពុជាក្នុងនោះមានទុក្ខវេទនារបស់អ្នកស្រី លើហ្វឺវ ហើយនិងកូនៗ ។
ជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមនុស្សលោកបំភ្លេចមិនបាន ។ នេះខ្ញុំសូមទទួលស្គាល់ប៉ុណ្ណេះ ។ តទៅនេះខ្ញុំសូមជម្រាបបញ្ជាក់ជូនអ្នកស្រី លើហ្វឺវ ក៏ដូចជាជូនអង្គជំនុំជម្រះ ក៏ដូចជាជូនជាតិប្រជាជនកម្ពុជាថា ខ្ញុំអត់គេចទេ ខ្ញុំដាក់ខ្លួនជូនតុលាការវិនិច្ឆយ ។
ឧក្រិដ្ឋកម្មនេះពិតជាមិនអាចអត់ឱនឲ្យបានជាតិប្រជាជនកម្ពុជា លោក ចង្អុលមុខខ្ញុំយ៉ាងម៉េច ចង្អុលចុះ ស្ដីបន្ទោសខ្ញុំយ៉ាងម៉េចស្ដីបន្ទោសចុះ ថ្កោលទោសយ៉ាងម៉េច ថ្កោលទោសចុះ ។ ឯកចំណែកតុលាការក៏មាននៅទីនេះស្រាប់ ដែលខ្ញុំប្រគល់ខ្លួនជូន ។ ឧក្រិដ្ឋកម្មនៅ ស-២១ ខ្ញុំទទួលខុសត្រូវទាំងខាង ផ្លូវច្បាប់ ទាំងខាងផ្លូវចិត្ត ឯចំណែកឧក្រិដ្ឋកម្មទូទាំងប្រទេសខ្ញុំទទួលខុសត្រូវតាមផ្លូវចិត្ត នេះសូមបញ្ជាក់ប៉ុណ្ណឹង ។ ខ្ញុំអត់ប្រកែកទេ មួយជំហាន គឺ អត់ប្រកែកទេ ។ ចំពោះមុខនេះ គឺខ្ញុំសូមទោសអ្នកស្រី លើហ្វឺវ ហើយនិងបុត្រី ដែល មានមុខនៅទីនេះ តាមរយៈនេះ ក៏ដូចសូមទោសស្រីមេម៉ាយទាំងអស់នៅកម្ពុជា ហើយនិងកូនកំព្រាទាំងអស់ដែលកំព្រាឪពុកនៅកម្ពុជាដែរ ។ នេះខ្ញុំសូមបញ្ជាក់ជូនប៉ុណ្ណេះ ដោយគោរព ។
ប្រតិចារិកថ្ងៃទី១៧ សីហា ២០០៩ទំព័រ៥១ [បន្ទាត់២០-២៥] ដល់ទំព័រ ៥២ [បន្ទាត់១-]
លោកប្រធានជាទីគោរព! ខ្ញុំសូមអនុញ្ញាតនិយាយទៅរកកញ្ញា អ៊ុក នារី ដោយផ្ទាល់ ដូចតទៅ៖
ទីមួយខ្ញុំសូមលំឱនកាយចិត្តទទួលស្គាល់សក្ខីកម្មរបស់ អ៊ុក នារី ក្នុងឋានៈជាក្មេងកំព្រាមួយរូបដែលបាត់បង់ឪពុក នៅ ស-២១។ សក្ខីកម្មទាំងអស់នេះ វាមានតម្លៃណាស់ វាជាឯកសារប្រវត្តិសាស្រ្តមួយសម្រាប់ក្មេងជំនាន់ ក្រោយតទៅ ទៀតកុំឲ្យភ្លេច កុំឲ្យមនុស្សជាតិយើងវាធ្លាក់ទៅក្នុងឧក្រិដ្ឋកម្មបែបនេះតទៅទៀតនោះ ។ ទៅថ្ងៃមុខយើងអាច នឹងឮ សក្ខីកម្មរបស់ក្មេងកំព្រាឪពុកជាច្រើនតទៅទៀត ខ្ញុំរង់ចាំទទួលស្ដាប់ទាំងអស់ ។ នេះបញ្ហាទីមួយ ។ បញ្ហាទីពីរ គឺឧក្រិដ្ឋកម្មរបស់ស-២១ ទៅលើជាតិប្រជាជនកម្ពុជាខ្ញុំនិយាយហូរហែហើយ ក៏ប៉ុន្តែ ឧក្រិដ្ឋកម្មរបស់ខ្ញុំទៅលើអ្នកនៅរស់ដែលជាក្មេងកំព្រា ខ្ញុំសូមបញ្ជាក់ថាអត់ប្រកែកទេ ខ្ញុំទទួលខុសត្រូវទាំងចំពោះ មុខច្បាប់ ទាំងខាងផ្លូវចិត្តលើឧក្រិដ្ឋកម្មទាំងអស់នេះ នៅចំពោះមុខក្មេងកំព្រាគ្រប់រូបដែល មានមុខនៅទីនេះ ដែលបាន ដាក់បណ្ដឹងប្បវេណីហើយក្ដី  ដែលអត់បានដាក់បណ្ដឹងរដ្ឋប្បវេណីក្ដី ខ្ញុំសូមទទួលខុសត្រូវចំពោះមុខ ច្បាប់និងខាង ផ្លូវចិត្ត ។ ខ្ញុំសូមគោរពបញ្ចប់សេចក្ដីបញ្ជាក់របស់ខ្ញុំប៉ុណ្ណេះ ដោយគោរព ។
ប្រតិចារិកថ្ងៃទី១៧ សីហា ២០០៩ទំព័រ៨៤ [បន្ទាត់៣-២៥]
លោកប្រធានជាទីគោរព! ដំបូងខ្ញុំសូមទទួលស្គាល់ថា ទុក្ខសោករបស់គ្រួសារ ហាមីលទាំងមូល រួមទាំងទុក្ខសោករបស់គ្រួសារ ជូហ៊ើស វាកើតចេញមកពីមរណភាពរបស់ ឃេរី ហើយនិង ចន ជូហ៊ើស នៅស-២១ ។ ទុក្ខសោកនេះធំធេង និងជ្រាលជ្រៅណាស់ ស្លាប់មនុស្សពីរនាក់នៅស-២១ វាបណ្តាលឲ្យទុក្ខសោក គ្រួសារ ពីរ ។ គ្រួសារមួយទៅ ណូវែលហ្សឺឡង់ គ្រួសារមួយនៅអង់គ្លេស ។ ទុក្ខសោករបស់ប្រជាជនកម្ពុជាធំធេង ។ ទុក្ខ សោករបស់គ្រួសារពីរនេះ វាជាវត្ថុមួយដែលបង្ហាញ ឲ្យឃើញថា ប្រជាជនកម្ពុជាគ្រប់រូប សុទ្ធតែរងទុក្ខរបៀបនេះ គ្រប់គ្នា ។ ក្នុងឋានៈខ្ញុំជាអ្នកដឹកនាំស-២១ ខ្ញុំអត់គេចពីស្មារតីទទួលខុសត្រូវទេ ទទួលខុសត្រូវ ទុកឲ្យជនរងគ្រោះទាំងអស់និងក្រុមគ្រួសារលោកចង្អុលមុខខ្ញុំចុះ ដូច រ៉ូបឺត ធ្វើចំពោះខ្ញុំ ខ្ញុំមិនតូចចិត្តទេ ។ អញ្ជើញចុះ ។ នេះជាសិទ្ធិ របស់លោកហើយ ខ្ញុំទទួលដោយគោរព ។
ក្នុងឋានៈខ្ញុំជាអ្នកទទួលខុសត្រូវចំពោះមុខឧក្រិដ្ឋកម្មបែបនេះ ខ្ញុំបាននិយាយជូនអង្គសវនាការ រួចមកហើយថា ទោះបីជាតិប្រជាជន លោកគំដុំថ្មខ្ញុំឲ្យស្លាប់ ដូច ស្តេហ្វាន ដែលបារាំង ហៅថា អ៊ីចែន ក៏ខ្ញុំទទួល ។ មិនមែនថា ខ្ញុំអស់សង្ឃឹមនឹងជីវិតរកធ្វើអត្តឃាត គឺអត់ទេ ខ្ញុំអត់មានបំណងប្រាថ្នានោះទេ ក៏ប៉ុន្តែយើង មើល ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ អ្នកដែលគេបំពេញភារកិច្ចមិនបានតាមបំណងទេ ដូចជា អេវ័ត រ៉ាហ្គត អ្នកគំនូរ គូរមិនបានតាមចិត្តគាត់ គាត់កាត់ស្លឹកត្រចៀក បិទប៉ង់ស៊ីម៉ង់ត៍ ហើយគូររូបវិញតទៅទៀត ។ នៅជប៉ុនថ្មីៗនេះ ប្រហែលជាមួយឆ្នាំពីរមុននេះ មានអ្នកឯកទេសម្នាក់ គេធ្វើអត្តឃាតព្រោះមើលប្លង់ដែលបន្លំនោះមិនទាន់ ។
ដូច្នេះ ខ្ញុំផ្ទាល់ខ្លួន ដែលធ្វើបដិវត្តន៍គឺដើម្បីរំដោះជាតិ ។ ក៏ប៉ុន្តែ ចុងបញ្ចប់ទៅជាវិនាសអន្តរាយប្រទេសជាតិខ្លួនឯង ។ ជីវិតមនុស្សស្លាប់ជាងមួយលាននាក់ មួយលាននាក់ស្លាប់ តើអ្នករងទុក្ខវេទនាដែលនៅសល់ប៉ុន្មាន ។ ដូច្នេះ ខ្ញុំហ៊ាន ធ្វើខ្ញុំហ៊ានទទួលខុសត្រូវ ទោះបីជាប្រជាជនលោកដាក់ទោសខ្ញុំប៉ុនណា ក៏ខ្ញុំអត់ប្រកែកទេ ដែលខ្ញុំចេញមុខ មកបង្ហាញ ខ្លួន សុំទទួលការជំនុំជម្រះពីអង្គជំនុំជម្រះនេះ ក៏ដោយស្មោះ ដោយស្ម័គ្រ ដោយឈឺចាប់នឹងកំហុសរបស់ខ្លួន នេះគឺ និយាយទៅតាមពិត អត់មានកែកាឡៃថា យកពាក្យមកដោះសារដើម្បីបូរបាច់ស្អី គឺអត់មានទេ ។ នេះគឺជាសុទ្ធ ចិត្ត ដែលខ្ញុំសូមលំអោនចំពោះជាតិប្រជាជនកម្ពុជាទាំងមូលមកដាក់ខ្លួនចំពោះមុខតុលាការនេះប៉ុណ្ណេះ។ សូមគោរពបញ្ចប់ប៉ុណ្ណេះ ។
ប្រតិចារឹកថ្ងៃទី១៨ ខែសីហា ឆាំ្ន២០០៩ ទំព័រ២៧ [បន្ទាត់២-១៨]
លោកប្រធានជាទីគោរព! ដំបូង ខ្ញុំសូមអនុញ្ញាតលោកប្រធានថ្លែងសេចក្តីគោរព យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកជំទាវ មាស កេត ដែលលោកចាស់ហើយ លោកបានអញ្ជើញមកនៅទីនេះ ។ នេះជាកិត្តិយសមួយសម្រាប់ខ្ញុំ ។ លោក ជំទាវ មាស កេត ចាស់ជាងម្តាយខ្ញុំបីឆ្នាំ ។ លោកអញ្ជើញមក ខ្ញុំសូមអរគុណ ហើយសូមថ្វាយបង្គំលោកពីចម្ងាយ ។ នេះជារឿងមួយ ។ ឯចំណែករឿង ជូឡុង រង្ស៊ី ខ្ញុំដឹងតាំងពីខ្ញុំនៅធ្វើអាអនុប្រធានម្ល៉េះ ។ ខ្ញុំស្គាល់សំឡេង រង្ស៊ី តាំងពីខ្ញុំនៅជាប់គុក ឮសូរសំឡេងតាមវិទ្យុ ។ ដូច្នេះ ជូឡុង រង្ស៊ី ចូលមកដល់ស-២១ ខ្ញុំអត់បានទៅអើតមើលមុខគាត់ យ៉ាងម៉េចទេ  ខ្ញុំឃើញដែលខ្ញុំឡើងធ្វើប្រធានហើយ  ឯកសារគឺចប់បាត់ហើយ ។ ពេលនោះ ខ្ញុំជម្រាបដោយត្រង់ ខ្ញុំស្មានតែមកជាប់តែ រង្ស៊ី ទេ លឹមគី ម៉ារី គេនៅឯស្រុកបារាំងឯណោះ  ។  ដល់ក្រោយមក ខ្ញុំឃើញឱទាំងពីរនាក់ជាប់ពីអង្កាល់ ។  នេះពីរឿងផ្ទាល់ខ្លួនខ្ញុំ ដែលដឹងអំពីរឿងនេះ ។ ដោយឡែកសក្ខីកម្មរបស់ អង់តូនីញ៉ា ជាសក្ខីកម្មរស់ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររស់ ជាទុក្ខវេទនារបស់ក្រុមគ្រួសារមួយដែលបាត់បង់មនុស្សពីរនាក់ ។ នេះវាជាឯកសារ ប្រវត្តិសាស្ត្រដែលមានលក្ខណៈអមតៈ   ដែលអាចទុកជាកេរដំណែលឲ្យអ្នកស្រាវជ្រាវជំនាន់ក្រោយលោកដឹងថា ឧក្រិដ្ឋកម្មជំនាន់នេះ  វាយ៉ាងម៉េច ប៉ះពាល់ដល់គ្រួសារណាខ្លះ គ្រួសារនីមួយៗ វាមាន ការចុកចាប់ប៉ុនណា  ខ្ញុំសូមទទួលស្គាល់ថា  នេះជាការពិត ។  ដោយឡែកចំពោះរូបខ្ញុំខ្ញុំនៅតែរក្សាពាក្យដដែលអត់វេចវេរស្មារតីទទួលខុសត្រូវចំពោះមុខឧក្រិដ្ឋ-កម្មនេះទេ។ សូមជម្រាបលោកជំទាវដោយស្មោះ ។ សូមជម្រាបអ្នកស្រីដោយស្មោះ ។សូមគោរព សូមចប់ ។
ប្រតិចារឹកថ្ងៃទី១៨ ខែសីហា ឆាំ្ន២០០៩ ទំព័រ៤១ [បន្ទាត់១៤-២១] ទំព័រ៤២ [បន្ទាត់៣-១០]
ជម្រាបប្រសាសន៍លោកប្រធាន! ការទទួលខុសត្រូវខាងផ្លូវចិត្តដែលយើងខ្ញុំធ្វើទៅបានយ៉ាងម៉េចធ្វើទាំងអស់ ។  ទីមួយ  គឺមិនក្បត់នឹងវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ទេអ្នកណាដែលស្លាប់ទៅនៅ ស-២១ ទទួលទាំងអស់ថា គេពិតជា ស្លាប់នៅទីនោះមែន ។  គេស្លាប់ដោយទារុណកម្មមុននឹងទៅស្លាប់ ក៏យើងខ្ញុំទទួល ហើយទទួលរាយការណ៍ជូន ជាតិ ប្រជាជនកម្ពុជាទាំងអស់ ថារឿងនេះវាសាហាវ  គឺ ទទួលបែបនេះ ។ ហើយថ្មីៗនេះ  អង្គសវនាការឃើញហើយ  ដើមបណ្ដឹងរដ្ឋប្បវេណីតាំងពីអ្នកស្រី ប៊ូ ថុន រហូតមកដល់ពេលនេះ ខ្ញុំទទួលឲ្យគេបន្ទោស ឲ្យគេថ្កោលទោស ហើយទទួលស្គាល់នូវទុក្ខវេទនារបស់គេទុកជាព្រឹត្តការណ៍ប្រវត្តិសាស្ដ្រ ។ ទាំងអស់នេះហើយ ដែលយើងខ្ញុំយល់ថា ជាការទទួល ខុសត្រូវខាងផ្លូវចិត្តដែលត្រូវតែធ្វើជាដំបូង។ នេះខ្ញុំសូមបញ្ជាក់ជូនប៉ុណ្ណេះ ។
សូមគោរពលោកប្រធាន! ជនរងគ្រោះឈ្មោះ ចិន សៀ អតីតកម្មាភិបាលមកពីហាណូយ ហើយជាអតីតកម្មាភិបាល ដែលជួយការងារនៅសាលាគ-៩២  ក្រោយមកមកជាប់នៅបឹងត្របែក ហើយត្រូវគេចាប់បញ្ជូនមកស-២១ យើងខ្ញុំ ទទួលស្គាល់ ។ ឯកសារ ស-២១ នៅទីនេះ ជាភស្ដុតាងស្រាប់ យើងខ្ញុំអត់ប្រកែកទេ ។ គ្រាន់តែសូមបញ្ជាក់បន្ដិចថា ប្រវត្តិសាលាគ-៩២ នេះ ខ្ញុំដឹងជាសាលា ដែល លោកគ្រូ សុន សេន មេខ្ញុំគាត់ធ្វើ កាលគាត់នៅជាសហប្រធានភូមិភាគឧត្តរ ។ ដូច្នេះ ព្រឹត្តការណ៍ ប្រវត្តិសាស្ដ្រ ដែលខ្ញុំសូមបញ្ជាក់បន្ថែមប៉ុណ្ណឹង ដើម្បីបញ្ជាក់ថា វិញ្ញាណក្ខន្ធលោក ចិន សៀ ហៅ ហាន ពិតជា ទៅស្លាប់នៅមន្ទីរស-២១ មែន។នេះគឺបញ្ជាក់ ហើយទទួលស្គាល់ និងទទួល ខុសត្រូវចំពោះមុខច្បាប់ និងខាងផ្លូវចិត្តក្នុងមរណភាពរបស់លោក ចិន សៀ។
ប្រតិចារឹកថ្ងៃទី១៨ ខែសីហា ឆាំ្ន២០០៩ ទំព័រ៨៥ [បន្ទាត់២-]
លោកប្រធានជាទីគោរព! ដំបូងខ្ញុំសូមបញ្ជាក់ម្ដងទៀតថា ខ្ញុំសូមទទួលស្គាល់ថាមិត្ត នេត ប៊ុន ធី នេះមក រងគ្រោះស្លាប់នៅមន្ទីរស-២១ មែន ។ ចូលមកដល់មន្ទីរស-២១ នៅថ្ងៃ២៤ ខែធ្នូ ១៩៧៨ នេះពិត ។ ហើយ រឿងរ៉ាវជាប្រវត្តិសាស្ដ្ររវាងបក្សកុម្មុយនីស្ដកម្ពុជា  និងកងទ័ពបូព៌ា ខ្ញុំបានបញ្ជាក់ជូន អង្គសវនាការ អម្បាញ់មិញ ហើយ ខ្ញុំអត់និយាយតទៅទៀតទេ  ។ ទុក្ខសោករបស់យុទ្ធជននិងកម្មាភិបាលដែលប្រតិបត្តិការនៅ ខាងភូមិ ភាគ បូព៌ាធំធេង។ ទុក្ខវេទនាដែលលោក នេត ផល្លី ហៅ ឆើត ផល្លី ធ្វើសក្ខីកម្មនៅមុខ អង្គជំនុំជម្រះ នេះជា ផ្នែកមួយ នៃទុក្ខសោករបស់យុទ្ធជន និងកម្មាភិបាលភូមិភាគបូព៌ា ពីថ្ងៃ ១៧ មេសា រហូតដល់ថ្ងៃ៧ មករា ១៩៧៩ ។ ខ្ញុំសង្កេត ឃើញសក្ខីកម្មក្នុងរយៈកាលនេះឈរនៅលើសេចក្ដីពិតជាមូលដ្ឋាន ។
ប្រតិចារឹកថ្ងៃទី២០ ខែសីហា ឆាំ្ន២០០៩ ទំព័រ៣២ [បន្ទាត់១២-២៥] ដល់ទំព័រ ៣៣ [បន្ទាត់១-]
សូមគោរពលោកប្រធាន! ខ្ញុំសូមបញ្ជាក់សាជាថ្មីឡើងវិញថា ទីមួយមិត្តភក្តិ មិត្តភក្តិចាស់ដែលធ្លាក់ទៅស-២១ ច្រើន ណាស់។ម្នាក់នោះមិនមែនជាមិត្តភក្តិផង គាត់អាយុច្រើនជាងខ្ញុំប្រហែលជាលោក ជុំ ស៊ីរ៉ាត់ ស្គាល់ដែរ សាស្ត្រា ចារ្យប្រវត្តិវិទ្យានៅលីសេស្គន់ គិន អូន  ធ្លាក់ទៅមុនគេហើយ ខ្ញុំអត់ដឹងទេ ទាល់តែឃើញសេចក្ដីសារភាពមក បានខ្ញុំ ដឹងថា អ៎! គិន អូន មកហើយ ។ ដូច្នេះ  ចំពោះបញ្ហាមិត្តភក្តិដែលខ្ញុំធ្លាប់ស្គាល់  ធ្លាប់គោរព ធ្លាប់ស្រឡាញ់ ខ្ញុំគេចមុខ យកតែរួចខ្លួនទេ  អត់បានទៅអើតទេ  នេះជម្រាបដោយត្រង់ ។ នេះហើយដែលខ្ញុំហៅថា ក្បត់មិត្ត ក្បត់ភក្តិ ។ ដូច្នេះ ជុំ ណារិត ក៏ចូលក្នុងជំពូកហ្នឹងដែរគឺអ្នកណាមកប៉ុន្មាននាក់ក៏ខ្ញុំខំបំភ្លេច ខំគេច ខំធ្វើមិនដឹងនេះចំពោះមិត្តភក្តិ ខ្ញុំអត់ មានលទ្ធភាពអីហ្នឹងជួយទេ ដូចលោកជម្រាបហើយគោលការណ៍អ្នកណាដែលគេចាប់បញ្ជូនមកហើយ ចាត់ទុកជា ខ្មាំងនេះជាបញ្ហាមួយ  ។ ឯចំណែកបញ្ហាមួយទៀត លោកមានបញ្ហាអំមិញអំពីភ្នែកបីម៉ឺនជាង  ខ្ញុំទទួលស្គាល់បញ្ហា នេះដោយសារបញ្ហានេះបានប៉ុន្មានថ្ងៃនេះ     ខ្ញុំនិយាយថាទទួលទាំងអស់សូមដើមបណ្ដឹងរដ្ឋប្បវេណី  លោកចង្អុល មុខខ្ញុំចុះ លោកថ្កោលទោសខ្ញុំចុះ លោកស្តីបន្ទោសយ៉ាងម៉េចក៏បានដែរ ខ្ញុំទទួល។ ផ្ទាល់ខ្លួនលោក លោកឃើញ ហើយអំមិញ  លោកចង្អុលមុខខ្ញុំយ៉ាងម៉េច  លោកថ្កោលទោសខ្ញុំយ៉ាងម៉េចខ្ញុំទទួលដោយញញឹម ខ្ញុំអត់ប្រកែក ហើយ អត់តថ្លៃអីនឹងលោកមួយម៉ាត់ទេ។ នេះជាសុទ្ធចិត្ត ដែលខ្ញុំបើកជូនបងប្អូនជនរងគ្រោះទាំងអស់ ដែលបាត់បង់ ឪពុក ម្តាយ ដែលបាត់បង់បងប្អូន ។ រួចខ្ញុំរហូតដល់និយាយប៉ុន្មានថ្ងៃនេះ វាជ្រុលថែមទៀត ខ្ញុំសូមមិនរំឭកបញ្ហានេះទេ ជាតិ ប្រជាជនកម្ពុជា លោកឮហើយ។ ដូច្នេះ សូមលោកបញ្ជាក់ ខ្ញុំសូមបញ្ជាក់ជូនលោកដោយស្មោះត្រង់ ខ្ញុំអត់មានទឹកចិត្តគំនុំសងសឹកនឹងលោក គ្មានចិត្តចង់តបតនឹងលោក គ្មានចិត្តប្រកែកអីនឹងលោកទេ លោកស្តីបន្ទោសខ្ញុំ អញ្ជើញ ខ្ញុំអត់ ប្រកែកទេ ទទួលដោយស្មោះ  អត់មានពន្យុះប្រសោក ទទួលហ្នឹង ទទួលដោយស្មោះ នេះសូមបញ្ជាក់ជូនប៉ុណ្ណេះ ដោយស្មោះ ។
ប្រតិចារឹកថ្ងៃទី២៤ ខែសីហា ឆាំ្ន២០០៩ ទំព័រ៣៧ [បន្ទាត់១៥-១៧]
សូមគោរពលោកប្រធាន!  ខ្ញុំទទួលស្គាល់ទុក្ខវេទនាទាំងអស់របស់អ្នកស្រី ជុំ នៅ ដែលរាយការណ៍ក្នុងរយៈពីពេល ដែលអ្នកស្រី ជុំ នៅ ទៅរងទុក្ខវេទនានៅមន្ទីរព្រៃស ដែលហៅថា ស-២៤ រហូតដល់ថ្ងៃ០៧ មករា ១៩៧៧  ហើយ ក្រោយមកអ្នកស្រី ជុំ នៅ រត់ទៅជាមួយយើងខ្ញុំ ។
ប្រតិចារឹកថ្ងៃទី២៥ ខែសីហា ឆាំ្ន២០០៩ ទំព័រ៥០ [បន្ទាត់៩-២៤] ដល់ទំព័រ ៥១ [បន្ទាត់១-១៣]
ដោយឡែកខ្ញុំ ជាអ្នកទទួលខុសត្រូវនៅមន្ទីរ ស-២១ ក្នុងឋានៈជាប្រធាននៃយន្តការឧក្រិដ្ឋនេះ ខ្ញុំនៅតែតាំងចិត្តដាច់ខាត ថាទទួលខុសត្រូវគ្រប់ឧក្រិដ្ឋកម្មទាំងអស់ ដែលកើតមាននៅ ស-២១ ទាំងខាងផ្លូវច្បាប់ ទាំងខាងផ្លូវចិត្ត។ ទីពីរ ខ្ញុំបាទ កាំង ហ្កេកអ៊ាវ ហៅ ឌុច មិនមែនជាអ្នកទទួលខុសត្រូវលើមន្ទីរសន្ដិបាលទូទាំងប្រទេសទេ ក៏ប៉ុន្តែខ្ញុំបាទ ជាបក្ខជន  ម្នាក់របស់បក្សកុម្មុយនីស្ដកម្ពុជា។ ខ្ញុំនៅតែទទួលខុសត្រូវខាងផ្លូវចិត្តលើឧក្រិដ្ឋកម្មទាំងអស់ទៅជាតិ ប្រជាជនកម្ពុជាគ្រប់រូបក្នុងរបប នោះ ជាតិប្រជាជនកម្ពុជាធ្វើខ្ញុំយ៉ាងម៉េចធ្វើចុះ ។ តទៅទៀត ខ្ញុំសូមនិយាយអំពី បញ្ហា ជាក់ស្ដែង ខ្លះ ផ្ទាល់ខ្លួនខ្ញុំ នៅពេលដែលប្រឈមមុខនឹងជនរងគ្រោះ ស្ដ្រីមេម៉ាយ កុមារកំព្រា ស្ដ្រីមេម៉ាយច្រើនណាស់ដែលអញ្ជើញ មកនៅទីនេះ ថ្កល់ទោសខ្ញុំ ចង្អុលខ្ញុំ ខ្ញុំបានធូរចិត្តហើយ ។ ខ្ញុំបានដាក់ ខ្លួនឲ្យ អ្នកផងឃើញថា ខ្ញុំទទួលស្គាល់ទោសឧក្រិដ្ឋរបស់ខ្ញុំហើយ ។ តែសោកស្ដាយដែរ ស្រីមេម៉ាយផ្សេង ទៀតអត់បានមក.....
ខ្ញុំសូមគោរព សុំទោសស្ដ្រីមេម៉ាយទាំងអស់អំពីចម្ងាយ រួមទាំងម៉ាដាម ចៅ សេង រួមទាំងអ្នក ប៉ាន់ ប៉ូលីន ផង ឯចំណែកប្រពន្ធ រត់ គត់ ប្រហែលជាដាច់ពូជហើយ ។ ដោយឡែកកុមារកំព្រាមក ដាក់ ពាក្យបណ្ដឹងនៅទីនេះ ច្រើន គួរសម ប៉ុន្តែក៏នៅខ្លះទៀតមិនបានមកថ្លែងក្នុងសវនាការទេ ។ ក៏ប៉ុន្តែមានអ្នកមិនដាក់ពាក្យមក បើតាមខ្ញុំបូកសរុបដប់នាក់ហើយ ដប់នាក់ហើយ គេអត់ដាក់ពាក្យបណ្ដឹងមកទេ ។ ដាក់ពាក្យបណ្ដឹង ឬមិនដាក់បណ្ដឹង ខ្ញុំនៅតែទទួល ខុសត្រូវ ឱនកាយទទួលស្ដាប់ ហើយ នៅតែជឿថា គេទទួលឥទ្ធិពលអាក្រក់ខាងផ្លូវចិត្ត ដូចលោកបណ្ឌិត ឈិម សុធារ៉ា លោកមាន ប្រសាសន៍អ‍៊ីចឹង ។ នេះជាឧក្រិដ្ឋកម្មមួយ ដែលទាមទារពេលវេលាយូរណាស់ ដើម្បីដោះស្រាយ ។ ដូច្នេះសរុបមកស្នាដៃជានិក្ខេបបទរបស់ដុកទ័រ ឈឹម សុធារ៉ា ខ្ញុំអត់អីប្រកែកប្រណាំងទេ ទទួលស្គាល់ថា ជាស្នាដៃ វិទ្យាសាស្ដ្រ ។ សូមគោរព ហើយសូមគោរពបងប្អូនទាំងអស់ ដែលនៅទីនេះ ។
ប្រតិចារឹកថ្ងៃទី០២ ខែកញ្ញា ឆាំ្ន២០០៩ ទំព័រ៦៦ [បន្ទាត់១៤-២៥] ដល់ទំព័រ ៦៧ [បន្ទាត់១-១៣]
ជម្រាបប្រសាសន៍លោកជំទាវ ការទទួលស្គាល់ពិរុទ្ធភាពរបស់ខ្ញុំនៅក្នុងមន្ទីរស២១ ខ្ញុំសូមបញ្ជាក់ថា ស-២១   វាជាយន្តការមួយដែលមានមនុស្សច្រើនតាមតួលេខដែលយើងត្រូវស្គាល់ទាំងគ្នាជាង២០០០នាក់រួមចំណែកធ្វើ ក៏ប៉ុន្តែមនុស្សអស់នោះ ត្រូវតែគោរពខ្ញុំតែម្នាក់គត់ព្រោះនៅស-២១ ខ្ញុំជាតំណាង   បក្សកុម្មុយនីស្ដកម្ពុជានៅក្នុងមន្ទីរនេះ  ។    វាគ្រាន់តែគោរពទៅតាមជាន់ថ្នាក់។ ដូច្នេះបុគ្គលិកពិត ប្រាកដទាំងឡាយណារបស់ស-២១     ខ្ញុំពិតជាមានអំណាចទៅលើគេឲ្យប្រព្រឹត្ត ឧក្រិដ្ឋកម្មដោយខានមិនបាន។ គេអត់ហ៊ានប្រកែកទេ ហើយបញ្ជាខ្ញុំកម្រិតណាគេត្រូវតែធ្វើកម្រិតនេះ  នេះជាបញ្ហាមួយ។   ឯបញ្ហាទីពីរទៀតដែលខ្ញុំឃើញថាឧក្រិដ្ឋកម្មដែលខ្ញុំអនុវត្តដោយផ្ទាល់ដៃ  គឺចារលើឯកសារនេះជាបញ្ហាមួយសំខាន់ណាស់។  
ពីលើនោះទៅទៀត គឺខ្ញុំបង្រៀន ខ្ញុំកម្ចាត់ទស្សនៈត្រឹមត្រូវ ខ្ញុំកសាងទស្សនៈឧក្រិដ្ឋទៅឲ្យគេ    ដូចខ្ញុំបានជម្រាបលោកជំទាវរួចហើយ។ តាមខ្ញុំចាំការណែនាំរបស់ខ្ញុំ ពីថ្ងៃ១៨ កុម្ភៈ ១៩៧៦ ខ្ញុំណែនាំគេថា “មនុស្សដែលបក្សចាប់មកហើយត្រូវកំណត់ថាជាខ្មាំង បើមិត្តមិនកំណត់ថាជាខ្មាំងទេ មិត្តសួរចម្លើយមិនចេញទេ” ។ គេជាបញ្ញាជន គេឃើញមនុស្ស គេគិតតើគ្នាខុសអ៊‍ីចឹងមែនឬមិនមែន?ៗៗ យើងបណ្ដោយឲ្យបញ្ញាជន គិតបែបនេះ  យូរៗបញ្ញា ជនអស់ហ្នឹង    ទៅជាមានទស្សនៈមួយប្រឆាំងនឹងបក្សខ្លួនឯង។ បើបញ្ញាជន ទាំងអស់នោះ  គេប្រឆាំងនឹងបក្សខ្លួនឯងហើយ  ខ្ញុំដែលទទួលខុសត្រូវពីលើហ្នឹង ក៏ត្រូវទទួល ទារុណកម្មដែរ ខានមិនបានទេ ខាងផ្លូវបក្ស គឺខ្ញុំត្រូវទទួលខុសត្រូវអ៊‍ីចឹង ។ ដូច្នេះការអប់រំនេះជាឧក្រិដ្ឋកម្មទីពីរ ។ ឯចំណែក ឧក្រិដ្ឋកម្មដែលខ្ញុំមើលជារួម គឺខ្ញុំកសាងអ្នកបន្តដៃ ដូចខ្ញុំបានជម្រាប លោកជំទាវអំមិញអ៊‍ីចឹង ។  ខ្ញុំតែម្នាក់ឯងស្មោះត្រង់ជាមួយនឹងបក្សបានតែមួយទេ  បើខ្ញុំកសាងអ្នកផ្សេងទៀតបាន២០ គេអរ ឧក្រិដ្ឋកម្មវាកាន់តែទូលាយ និងជម្រៅឲ្យគេ ។ សរុបមកពាក្យ ដែលខ្ញុំថាធ្វើការម៉ត់ចត់ ពាក្យ ដែលថាខ្ញុំឧស្សាហ៍ ពាក្យដែលខ្ញុំថាព្យាយាមខ្នះខ្នែងសព្វ បែបយ៉ាងទាំងអស់នេះ។  បើនិយាយនៅក្នុងរដ្ឋាភិបាលមួយ   ដែលស្នេហាជាតិពិតប្រាកដ វាជាគុណធម៌របស់ខ្ញុំ ដែលខ្ញុំ ត្រូវតែទទួល ក៏ប៉ុន្តែដល់រដ្ឋាភិបាលនេះវាជាយន្តការឧក្រិដ្ឋ ដ៏សែនឃោរឃៅសម្រាប់សតវត្សនេះ  ការងារទាំងប៉ុន្មានដែលខ្ញុំធ្វើនេះ    វាទៅជារឿងមួយរំលឹកឡើងពេលណាគួរឲ្យឈឺចាប់ ហើយនិងខ្មាស់ អៀន ពេលនោះ ។ នេះជម្រាបលោកជំទាវយ៉ាងនេះ ។ ខ្ញុំសូមបញ្ចប់ ចម្លើយខ្ញុំត្រឹមប៉ុណ្ណេះ ។
ប្រតិចារឹកថ្ងៃទី២ ខែកញ្ញា ឆាំ្ន២០០៩ ទំព័រ៦៨ [បន្ទាត់១៤-២០] ទំព័រ ៦៩ [បន្ទាត់៧-១៥]
ជម្រាបប្រសាសន៍លោកជំទាវ វិប្បដិសារីរបស់ខ្ញុំមាន ហើយវាមានការវិវឌ្ឍន៍ ត្រង់ដែលសាស្ត្រាចារ្យ ស៊ីរ៉ូនី មើលខ្ញុំ ទាន់ ឬមិនទាន់ ខ្ញុំមិនបានជាពិនិត្យពិច័យការសិក្សាវិភាគរបស់គាត់ទេ ។ ចំណែកខ្ញុំ ខ្ញុំដឹងថាខ្ញុំមានការវិវឌ្ឍន៍ ទៅមុខ ខាងវិប្បដិសារីរបស់ខ្លួនដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅក្នុងមន្ទីរស-២១។ លោកជំទាវឃើញនឹងភ្នែកស្រាប់ហើយ ជនរងគ្រោះពិតប្រាកដចង្អុលមុខខ្ញុំចុះ! ថ្កោលទោសខ្ញុំចុះ! ខ្ញុំអត់ហ៊ានប្រកែកនឹងគេមួយមាត់ទេ ខ្ញុំឱនលំទោន ទទួលការស្ដីបន្ទោសដោយស្មោះ នេះវាវិវឌ្ឍន៍ទៅអ៊‍ីចឹង។ [....]   ដូច្នេះវិប្បដិសារីវាមាននៅក្នុងអំពើប្រព្រឹត្តដូចដែលខ្ញុំនិយាយហូរហែមក ទោះបីជាតិប្រជាជនកម្ពុជា លោកដាក់ទោសខ្ញុំយ៉ាងម៉េច ខ្ញុំអត់ប្រកែកទេ ។ នេះវិប្បសារីវាស្ដែងចេញមកពីអ៊‍ីចឹង ទាំងអស់ឲ្យសូមទោស សូមទោស បើកទ្វារឲ្យសូមទោសម៉ោងណា ខ្ញុំសូមទោសម៉ោង   ហ្នឹង។  ចង្អុលមុខខ្ញុំនៅក្នុងអង្គសវនាការក្ដី នៅឯណាក្ដី ខ្ញុំអត់ប្រកែកទេ ។   នេះវិប្បដិសារី វាស្ដែងចេញមកអំពីមកអំពើជាក់ស្ដែងបែបនេះ។  ហើយចុងបញ្ចប់ខ្ញុំនិយាយ នៅពេល ដែលអ្នកជំនាញខាងចិត្តសាស្ត្រទាំងពីរ លោកសាស្ត្រាចារ្យទាំងពីរលោកនេះ ខ្ញុំថាសូមមេត្តាជួយផ្ដល់យោបល់យ៉ាងម៉េចដល់ខ្ញុំផងឲ្យមនុស្សជាតិទាំងមូល លោកទទួលស្គាល់ខ្ញុំជាមនុស្សម្នានឹងគេផង។ នេះក៏ជាសម្ដែងចេញអំពី ការសោកស្ដាយរបស់ខ្ញុំមកជាអំពើប្រព្រឹត្តជាក់ស្ដែងរួចហើយ។ នេះសូមគោរពរាយការណ៍ជូនលោកជំទាវ ប៉ុណ្ណេះ។
ប្រតិចារឹកថ្ងៃទី០២ ខែកញ្ញា ឆាំ្ន២០០៩ ទំព័រ៧០ [បន្ទាត់១៤-២៤]
សរុបមក ទោះបីមានបាតុភាពយ៉ាងនេះក៏ដោយ ទោះបីមានចម្រៀង ដូចដែលខ្ញុំបានធ្លាប់រាយការណ៍ ជូនចៅក្រមស៊ើបអង្កេតក៏ដោយ  អំពីរឿងអាគីងចង្រៃ  ចម្រៀងឈ្មោះ  អាគីងចង្រៃ ហ្នឹងក៏ដោយ ។  បើពាក្យស្លោករបស់បក្សកុម្មុយនីស្តកម្ពុជាថា  “បំណុលឈាម  ត្រូវតែសង ដោយឈាមក៏ដោយ” ក៏ការទទួលភារកិច្ចជាប្រធានមន្ទីរនគរបាលតាំងពីម-១៣ រហូតមក វាស្ថិតនៅក្នុងក្របខណ្ឌមួយដែលជៀសមិនរួច ។  ហើយវាស្ថិតនៅក្នុងក្របខណ្ឌមួយ ដែលខ្ញុំអង្វរកគេ  ដែលគេក៏សុខចិត្ត មិនបង្ខំឲ្យខ្ញុំសម្លាប់មនុស្សដោយដៃឯង ។ មិនទាមទារ ចាប់អ្នកនេះ  ឬចាប់អ្នកនោះទាល់តែសោះ  ទោះបីមានហេតុផលបែបនេះក៏ដោយ   ក៏ឧក្រិដ្ឋកម្មដែលងងឹតងងល់បំផុត ខ្ញុំពិតជាទទួលថា វាពិត ជាងងឹតងងល់មែន សកម្មភពដែលខ្ញុំធ្វើ ចន្លោះពី ១៧ មេសា រហូតដល់ ៦ មករា ដោយចាប់ផ្ដើមពី ១៨ សីហា ខ្ញុំ ៧៥ ខ្ញុំជាអនុប្រធាន ហើយពី ខែមីនា ១៩៧៦ ខ្ញុំជាប្រធាន ។ ដូច្នេះឧក្រិដ្ឋកម្មទាំងនេះ វាពិតជាងងឹតងងុល ខ្ញុំទទួលស្គាល់ពេញទី ។ ខ្ញុំសូមបញ្ចប់សេចក្ដីរាយការណ៍របស់ខ្ញុំប៉ុណ្ណេះ សូមគោរព ។
ប្រតិចារិកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩ ទំព័រ២៨ [បន្ទាត់១-១២]
ការអប់រំរបស់បក្សកុម្មុយនីស្តកម្ពុជា ជនទាំងឡាយណាដែលគេចាប់បញ្ជូនទៅ ស២១ ជាខ្មាំង ។ត្រូវតែកម្ទេច ព្រោះជាមនុស្សមានទោស ព្រោះជាមនុស្សប្រឆាំងនឹងគេ ។
នៅពេលដែលខ្ញុំនិយាយថា ខ្ញុំសូមទោសជនរងគ្រោះ សូមទោសគ្រួសារជនរងគ្រោះរហូតដល់សូមទោសបុគ្គលិករបស់ខ្ញុំ។ ពេលនុ៎ងខ្ញុំអត់មានចាត់ទុកអ្នក ដែលស្លាប់ទៅទាំងអស់នុ៎ងថាជា ឧក្រិដ្ឋជនជាជនមានកំហុសត្រូវតែស្លាប់នោះទេ គឺបក្សកុម្មុយនីស្តកម្ពុជារបស់ខ្ញុំនេះវិញទេ ដែលជាជនឧក្រិដ្ឋ ។ ដូច្នេះកំហុសដែលខ្ញុំធ្វើទៅលើជាតិ ប្រជាជនខ្ញុំ ខ្ញុំត្រូវតែសូមទោស ដោយខានមិនបាន ព្រោះខ្ញុំដឹងខ្លួនថា ខ្ញុំខុស ពិតជាខុស ។ អត់យកអ្វីមកកែប្រែបានទេ គឺខ្ញុំសូមទោសដោយសុទ្ធចិត្ត ។ អ្នកដែលគេមិនព្រមសូមទោសប្រជាជនកម្ពុជា គេនៅតែតាំងខ្លួនថា ឧក្រិដ្ឋកម្មរបស់គេជាការត្រឹមត្រូវ ស្នេហាជាតិ អាហ្នឹងវាជារឿងមួយដោយឡែក។ ដូច្នេះសូមជាតិ ប្រជាជនលោកថ្លឹងមើលចុះ តើខ្ញុំសូមទោសដោយសុទ្ធចិត្ត ឬក៏ជាការក្លែងបន្លំ សារជាតិវានៅត្រង់ហ្នឹង ។ សារជាតិនៅហ្នឹង ដែលខ្ញុំទទួលថា ជនដែលស្លាប់ទៅហ្នឹងគ្មានកំហុស គ្មានទោសពៃរិ៍ ។ នេះខ្ញុំសូមទោស ។
ប្រតិចារិកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩ ទំព័រ២៩ [បន្ទាត់២៤-២៥] ដល់ទំព័រ៣០ [បន្ទាត់១-១៥]
ខ្ញុំបាននិយាយហើយថា ខ្ញុំធ្វើបដិវត្តន៍ ដើម្បីរំដោះជាតិ ប្រជាជនខ្ញុំ សងគុណជាតិ ប្រជាជនខ្ញុំ សងគុណមាតាបិតាខ្ញុំ ដែលខំបង្កើតខ្ញុំ ហើយនិងចិញ្ចឹមបីបាច់ថែរក្សាខ្ញុំ ។ តែបែរជាមកធ្លាក់ឲ្យជាតិ ប្រជាជន អន្តរាយរកទីបំផុតគ្មាន ។ គ្រាន់តែអាយុជីវិតមនុស្សបាត់បង់រហូតទៅជាងមួយលាននាក់ ។ សេដ្ឋកិច្ចរលំរលាយ វប្បធម៌ខ្ទេចខ្ទី សព្វបែបយ៉ាង ខ្ទេចទាំងអស់ ។ តើឲ្យខ្ញុំឆ្លើយ ទម្លាក់ កំហុស ទៅលើអ្នកណា ខ្ញុំកើតមកជាកូនប្រុស កើតមកជាអ្នកស្រលាញ់យុត្តិធម៌ ខ្ញុំឆ្លើយដាក់ទៅលើ អ្នកណា មិនកើតទេ ទទួលស្គាល់ហើយថានេះ គឺជាស្នាដៃរបស់បក្សកុម្មុយនីស្តកម្ពុជាដែលក្នុងនោះមាន ខ្ញុំជាសមាជិកមួយរូប ។ ដូច្នេះហើយបានជាខ្ញុំនិយាយថា ឧក្រិដ្ឋកម្មទាំងអស់នៅកម្ពុជា ខ្ញុំសូមទទួលខុសត្រូវខាងផ្លូវចិត្តជាតិ ប្រជាជនខ្ញុំ លោកថ្កោលទោសយ៉ាងម៉េច? លោកចង្អុលទោស មុខខ្ញុំយ៉ាងម៉េច? លោកថាយ៉ាងម៉េច ថាចុះ ។ ខ្ញុំទទួលដោយឱនលំទោន ហើយដោយស្មោះ ។
ដោយឡែក ឧក្រិដ្ឋកម្មនៅ ស-២១ ដែលខ្ញុំជាប្រធាន ខ្ញុំទទួលតែម្នាក់ឯង អត់មានទាក់ទងនឹងកូនចៅណាម្នាក់ទេ ទាំងខាងផ្លូវច្បាប់ ទាំងខាងផ្លូវចិត្ត សូមទោសជនរងគ្រោះ សូមទោសក្រុមគ្រួសារជនរងគ្រោះ ទទួលសេចក្ដីវិនិច្ឆ័យរបស់អង្គជំនុំជម្រះដោយស្មោះ។ នេះជាការប្តេជ្ញាចិត្តរបស់ខ្ញុំ ចំពោះមុខប្រវត្តិសាស្រ្តជាតិ ដែលខ្ញុំបានចូលរួមទៅក្នុងអំពើខុសឆ្គងរួមមកហើយនោះ ។ នេះជាបញ្ហាធំ ហើយនៅចុងបញ្ចប់ខ្ញុំបានសួរដែរ អ្នកជំនាញខាងចិត្តសាស្រ្ត ខ្ញុំសួរថា តើៗត្រូវឲ្យខ្ញុំធ្វើដូចម្តេច ដើម្បីឲ្យមនុស្សជាតិ លោកទទួលខ្ញុំ ស្គាល់ខ្ញុំជាមនុស្សម្នាឡើងវិញ ។ ខ្ញុំចោទបញ្ហានេះ ។ ខ្ញុំចោទបញ្ហានេះជាប់ជានិច្ច ។ នេះសូមជម្រាបបញ្ជាក់ជូនប៉ុណ្ណេះ ។
ប្រតិចារិកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩ ទំព័រ៣៤ [បន្ទាត់១០-១៥]
នៅពេលដែលខ្ញុំសម្រេចចិត្តនេះ ខ្ញុំនឹកឃើញដល់វិញ្ញាណក្ខន្ធមួយម៉ឺននាក់ជាង ។ ខ្ញុំនឹងឃើញដល់ជីវិតកុមារ ដែលគេសម្លាប់ ហើយអាចសម្លាប់ដោយវិធីមួយ គួរឲ្យខ្ពើមរអើមបំផុត គឺចាប់ជើងគ្នាបោកនឹងក្បាលទៅនឹងគល់ឈើ ។
ខ្ញុំតាំងចិត្តថា ត្រូវតែទៅ ។ ទៅដើម្បីលុតជង្គង់ ថ្វាយបង្គំ សូមទោសវិញ្ញាណក្ខន្ធទាំងអស់នោះ ។ ហើយក៏ទៅដើម្បីអធិដ្ឋានចំពោះវិញ្ញាណក្ខន្ធអ្នកទាំងអស់នោះ ក្នុងឋានៈខ្ញុំជាគ្រីស្ដស្ទៀនមួយរូប ។ ដូច្នេះខ្ញុំទៅនេះក្នុងអារម្មណ៍បែបនេះ សកម្មភាពខ្ញុំ ដែលធ្វើនៅទីនេះក៏នៅក្នុងអារម្មណ៍បែបនេះ។
ប្រតិចារិកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៩ ទំព័រ៣៦ [បន្ទាត់៨-២៥] ដល់ទំព័រ ៣៨ [បន្ទាត់១-]
[បញ្ចាំងខ្សែវីដេអូD48/2ដែលបានថតក្នុងអំឡុងពេលស៊ើបអង្កេតដល់កន្លែងកើតហេតុនៅមន្ទីរប្រល័យពូជសាសន៏ទួលស្លែង ថ្ងៃទី ២៧ ខែ កុម្ភះ ឆ្នាំ ២០០៨]
លោក កាំង ហ្កេកអ៊ាវ៖ លោកចៅក្រមទាំងពីរជាទីគោរព! លោកនិងលោកស្រី សហព្រះរាជអាជ្ញាជាទីគោរព! ខ្ញុំរន្ធត់ក្នុងចិត្តឥតឧបមា នៅពេលដែលបានឈានជើងចូលមកដល់ទីនេះ ហើយបានឃើញសភាពការណ៍ចាស់ ដែលជាសភាពការណ៍គួរឲ្យខ្លោចផ្សាបំផុត សម្រាប់ជាតិប្រជាជនខ្ញុំ ក៏ដូចជាសម្រាប់រូបខ្ញុំដែរ ។ ទីមួយ ខ្ញុំនឹកទៅដល់ជនរងគ្រោះដ៏អភ័ព្វ និងក្រុមគ្រួសាររបស់គេ ។ គេទាំងឡាយបានរងទុក្ខវេទនា រងទារុណកម្ម រងការប្រមាថមើលងាយដ៏សែនមហាអមនុស្សធម៌រាប់មិនអស់ មុននឹងបាត់បង់ជីវិតរលត់សង្ខារទៅ ។ ខ្ញុំមានវិប្បដិសារីជ្រាលជ្រៅដែលមិនអាចថ្លាថ្លែងបាន គឺវិប្បដិសារី ដែលសុខចិត្តឱនក្បាលទទួលការជំនុំជម្រះតែម្នាក់ឯងក្នុងក្របខ័ណ្ឌស-២១ ហើយប្ដេជ្ញាចិត្តយ៉ាងមុតមាំថានឹងធ្វើអ្វីៗទាំងអស់ ដើម្បីឲ្យជាតិប្រជាជនខ្ញុំ និងជនរងគ្រោះ និងក្រុមគ្រួសាររបស់គេបានស្គាល់នូវពន្លឺយុត្តិធម៌។ ព្រមជាមួយនេះ ខ្ញុំក៏មានការសោកស្ដាយបំផុតចំពោះបុគ្គលិកទាំងអស់របស់ស-២១ ដែលត្រូវបានគេចាប់បង្ខំឲ្យបំពេញភារកិច្ចជាមួយខ្ញុំ គឺភារកិច្ចដែលសាមីខ្លួនរបស់គេស្អប់ខ្ពើម ដែលមាតាបិតារបស់គេស្អប់ខ្ពើម ហើយក្នុងនោះក៏មានបុគ្គលិកមួយចំនួនបានធ្លាក់ខ្លួនរងគ្រោះថ្នាក់នៅទីនេះឯងតែម្ដង ។ រឿងអស់នេះ ខ្ញុំនឹកឃើញពេលណា ខ្ញុំខ្លោចផ្សាពេលនោះ ។ ខ្ញុំមានការសោកស្ដាយដោយស្មោះ ដោយបានសុខចិត្តចុះចាញ់ទស្សនៈរបស់គេ និងដោយបានទទួលយកភារកិច្ចឧក្រិដ្ឋ ដែលគេប្រគល់ឲ្យខ្ញុំ ។ សកម្មភាពរបស់ខ្ញុំ ពិតជាគួចចូលទៅក្នុងចរន្តមួយ ដែលបាននាំមកនូវគ្រោះមហន្តរាយធ្ងន់ធ្ងររ៉ាំរ៉ៃដល់ជាតិប្រជាជនខ្ញុំ ។ នេះហើយជាបញ្ហាដែលខ្ញុំនៅតែនឹកឃើញជានិច្ច នឹកមិនភ្លេចសោះ នឹកឡើងណា ដំបូងខ្ញុំខឹងនឹងក្បាលម៉ាស៊ីនដឹកនាំបក្ស ដែលបានប្រើគ្រប់មធ្យោបាយអូសទាញចលនានេះ ដែលទៅតាមផ្លូវសោកនាដកម្មទាំងស្រុង និងដាច់ខាត ។ បន្ទាប់មកខ្ញុំខឹងនឹងរូបខ្ញុំខ្លួនឯង ដែលសុខចិត្តចុះចាញ់ទស្សនៈរបស់គេ ម្ល៉ោះហើយគោរពបទបញ្ជាឧក្រិដ្ឋរបស់គេទាំងងងឹតងងល់ ។ នេះហើយជាគន្លឹះដែលនាំឲ្យខ្ញុំទទួលស្គាល់ ដោយខានមិនបានថា ក្នុងឋានៈខ្ញុំជាប្រធានស-២១ បានរួមចំណែកក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងក្របខ័ណ្ឌនៃស-២១ ទាំងមូល ។
លោកចៅក្រមទាំងពីរជាទីគោរព! លោក និងលោកស្រីសហព្រះរាជអាជ្ញាជាទីគោរព! ខ្ញុំសូមគោរពអរគុណលោក ដែលបាននាំខ្ញុំមកដល់ទីនេះ ។ សូមលោកទាំងបួនអនុញ្ញាត ឲ្យខ្ញុំសុំទោសជនរងគ្រោះចំពោះទុក្ខវេទនាលោក ការ សាវុត្ថ៖ គាត់អានលែងកើត ។
លោក ម៉ាសែល ឡឺម៉ុងដ៍៖ បើអ៊‍ីចឹងបញ្ចប់ប៉ុណ្ណឹងហើយបើសិនជា-- អានេះគឺឯកសារហ្នឹងអាចបញ្ចូលនៅក្នុងសំណុំរឿង ហើយភាគីទាំងអស់អាចមើលបាន ។
លោក កាំង ហ្កេកអ៊ាវ៖ ឲ្យខ្ញុំសូមទោសជនរងគ្រោះ ចំពោះទុក្ខវេទនាដ៏មហាខ្លោចផ្សាទាំងប៉ុន្មាន ដែលគេបានទទួលរងនៅទីនេះ រហូតដល់ថ្ងៃបាត់បង់ជីវិត ឬរហូតដល់ថ្ងៃ៧ មករា ១៩៧៩ ។ ឲ្យខ្ញុំសុំទោសក្រុមគ្រួសារជនរងគ្រោះ ដែលបានរស់នៅក្នុងទុក្ខសោកយ៉ាងក្រំគ្រា ដោយបាត់បង់បុគ្គលជាទីស្រឡាញ់របស់ខ្លួនចំនួន៣៣ឆ្នាំហើយ ហើយមិនទាន់បានទទួលពន្លឺយុត្តិធម៌នៅឡើយ ។ ខ្ញុំដឹងហើយថា វិប្បដិសារីរបស់ខ្ញុំ ទោះបីចុកចាប់យ៉ាងណាក៏ដោយ ក៏នៅតែជាទឹកមួយដំណក់ក្នុងមហាសាគរធំធេង និងជ្រាលជ្រៅនៃទុក្ខវេទនាដ៏សែនខ្លោចផ្សារបស់ជនរងគ្រោះ និងក្រុមគ្រួសារ ។ ខ្ញុំសូមលោកចៅក្រម លោក និងលោកស្រីព្រះរាជអាជ្ញាដែលជាអ្នកស្វែងរកយុត្តិធម៌ជូនជនទាំងអស់ខាងលើនេះ អនុញ្ញាតឲ្យខ្ញុំចូលសុំទោសគេទាំងឡាយនោះ ដោយស្មារតីលំឱនបំផុត និងដោយវិប្បដិសារីចុកចាប់យ៉ាងគ្រាំគ្រា ។ សូមលោកមេត្តាទុកទ្វារនេះឲ្យនៅចំហជានិច្ច។ ពេញមួយថ្ងៃហើយដែលខ្ញុំបានទៅមើលស្ថានទីនោះ ដូច្នេះខ្ញុំសូមអរគុណលោកទាំងបួនដែលបាននាំខ្ញុំមកដល់ទីនេះ ហើយបានឃើញមុខជនរងគ្រោះជាដំបូង ហើយខ្ញុំសូមទោស ។
លោក ជុំ ម៉ី៖ ខ្ញុំសុំមានមតិបន្តិចបានទេ?
ឆ្លើយ៖ ខ្លីៗបំផុត ។
លោក ជុំ ម៉ី៖ ខ្ញុំសូមគោរពលោកចៅក្រម សូមគោរពលោកព្រះរាជអាជ្ញា សូមគោរពលោក លោកស្រី អានេះហើយដែលការខ្ញុំចង់បាន។ ដែលខ្ញុំចង់បានៗរកអារឿងសិទ្ធិសេរីភាព ពេលនេះសិទ្ធិសេរីភាពខ្ញុំមានមកដល់ហើយ ។ ពីមុនឡើយខ្ញុំអត់មានសិទ្ធិសេរីភាពនឹងតវ៉ារបៀបនេះទេ បើហ៊ានអ្នកណាមួយហ៊ានតវ៉ា គឺថាក្បាលត្បងចប ក្បាលគល់ឫស្សី ក្បាលផ្លូវរទេះ ។ អ៊‍ីចឹងខ្ញុំអរគុណលោក ឌុច ណាស់ដែលគាត់មកឆ្លើយចំពោះមុខតុលាការទាំងអស់ គាត់ទទួលកំហុសគាត់ ហើយខ្ញុំក៏មិនបានទៅចងគំនុំគុំកួនអីនឹងគាត់ដែរ ខ្ញុំគ្រាន់តែស្វែងរកដើម្បីយុត្តិភាព សន្តិភាពសម្រាប់ប្រជាជនខ្ញុំជាងមួយលាននាក់ដែលស្លាប់ទៅ។ ខ្ញុំអរគុណណាស់ ខ្លាចតែគាត់មិនឆ្លើយស្មោះត្រង់ចំពោះមុខតុលាការ ខ្ញុំអរគុណណាស់ ។
ប្រតិចារិកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ ទំព័រ៤៦ [បន្ទាត់១០-២៥] ដល់ទំព័រ ៤៨ [បន្ទាត់១សេចក្តីថ្លែងចុងក្រោយរបស់ ឌុច
អំពីគោលជំហរ និងអាកប្បកិរិយារបស់ខ្ញុំI) ចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស
មុនថ្ងៃជម្នះរបស់ខ្លួន បក្សកុម្មុយនីស្តកម្ពុជាបានប្រកាសជាឱឡារិកថាឮនឹងកាត់ទោសតែជនមហាក្បត់តែប្រាំពីរនាក់ទេ។ ជាក់ស្ដែង បក្សបានជម្លៀសប្រជាជនទាំងបង្ខំ ព្រមទាំងបានសម្លាប់មនុស្សរាប់សែននាក់។ គឺមនុស្សដែលមិនបានប្រព្រឹត្តបទល្មើសអ្វីក្រោយ ១៧ មេសា សោះ។ ការកាប់សម្លាប់បានបន្តម្តងហើយម្តងទៀត ឥតស្រាកស្រាន្តរហូតអស់ជាងមួយលាននាក់។ ក្នុងចំណោមប្រជាជនក្រៅជួរ គេកាប់សម្លាប់អ្នកណាដែលពុំព្រមដាក់ខ្លួនឲ្យទៅជាកសិករ កម្មករ ឬក៏ធ្វើទៅពុំរួច។ រីឯអ្នកនៅក្នុងជួរវិញ គេចាប់ចងកាប់សម្លាប់បក្ខជនខ្សែផ្សេង ដែលមិនមែនជាខ្សែរបស់គេ ដើម្បីដាក់កម្លាំងគេជំនួសវិញ។ មហាវិនាសកម្ម ទាំងក្នុងជួរ និងក្រៅជួរ ពិតជាឧក្រិដ្ឋកម្មរបស់បក្សកុម្មុយនីស្តកម្ពុជាតែម្នាក់ឯងគត់។
ខ្ញុំនៅតែស្មោះត្រង់ និងសេចក្ដីប្រកាសរបស់ខ្ញុំ ក្នុងអង្គសវនការនេះ ដែលខ្ញុំបានអះអាងថា ប៉ុល ពត ហ៊ានភ្លើតភ្លើនលើកមាគ៌ាមហាឧក្រិដ្ឋយ៉ាងនេះ គឺមកពីគាត់អាងលើកម្លាំង ជាពិសេស គឺកម្លាំងបក្ស ដែលមានកម្លាំងបក្ខជនរាប់ម៉ឺននាក់ស្ដាប់បញ្ជាគាត់។ ខ្ញុំនៅតែទទួលស្គាល់ថា ក្នុងចំណោមកម្លាំងទាំងអស់នេះរបស់ ប៉ុល ពត មានខ្ញុំម្នាក់។ ក្នុងស្មារតីនេះហើយ ដែលខ្ញុំសូមទទួលខុសត្រូវខាងផ្លូវចិត្តចំពោះប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានស្លាប់បាត់បង់ជីវិតពី ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ខ្ញុំពិតជាមានវិប្បដិសារីយ៉ាងធ្ងន់ធ្ងរ និងតក់ស្លុតឥតឧបមាចំពោះមហាវិនាសកម្មនេះ។
ខ្ញុំយល់ថា ខ្ញុំយល់ច្បាស់ថា ទ្រឹស្ដីមនោគមវិជ្ជាណាក៏ដោយ ដែលនិយាយអំពីស្នេហាប្រជាជនទៅតាមទស្សនៈវណ្ណៈ និងតស៊ូវណ្ណៈ ពិតជានាំឲ្យហិនហោចខ្លោចផ្សាកទីបំផុតគ្មាន។ ខ្ញុំនៅតែប្រកាន់ថា ការសម្រេចជ្រើសរើសផ្លូវដើរ គឺសម្រេចតែមួយដង្ហើមទេ បើខុស គឺឈឺចាប់ខ្លោចផ្សាពោរពេញទៅដោយវិប្បដិសារីអស់មួយជីវិតជំនឿដែលជឿថា បានរួមចំណែករំដោះជាតិ ប្រជាជន បម្រើប្រជាជន ម៉្លោះហើយ បានឧទ្ទិសកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ព្រមទាំងបានលះបង់អ្វីៗទាំងអស់ រហូតដល់ត្រៀមលះបង់អាយុជីវិត ដើម្បីជាតិប្រជាជន តែបែរជាធ្លាក់ខ្លួនក្នុងអង្គការឧក្រិដ្ឋមួយ ដែលកម្ទេចប្រជាជនខ្លួនឯងយ៉ាងរង្គោះរង្គាល និងដកខ្លួនថយក៏ថយមិនរួច ដូចស្ពឺមួយគ្រាប់ក្នុងតួម៉ាស៊ីនដែលកំពុងដើរ។ 
II) ចំពោះជនរងគ្រោះនៅស-២១ និងក្រុមគ្រួសារ
ខ្ញុំនៅតែប្រកាសទទួលខុសត្រូវតែម្នាក់ឯងគត់ លើការបាត់បង់អាយុជីវិតយ៉ាងតិច ១២.៣៨០ នាក់ អស់លោកទាំងអស់នេះមុននឹងស្លាប់ទៅពិតជាបានរងទុក្ខវេទនាដ៏រ៉ាំរ៉ៃ និងអមនុស្សធម៌រាប់មិនអស់។ ខ្ញុំនៅតែសុំខមាទោសចំពោះវិញ្ញាណក្ខន្ធនៃអ្នកដែលស្លាប់បាត់បង់ទៅ ដោយសេចក្ដីគោរពលំអុតលំឱនបំផុត។ ខ្ញុំបានអធិដ្ឋានចំពោះព្រះជាម្ចាស់ សូមព្រះអង្គប្រទានពរដល់វិញ្ញាណក្ខន្ធទាំងអស់នោះ ដោយព្រះទ័យអនុគ្រោះ។ ចំពោះអ្នកដែលរួចជិវិតផុតពីសេចក្ដីស្លាប់ ខ្ញុំនៅតែទទួលស្គាល់ថា ឧក្រិដ្ឋកម្មទាំងអស់របស់ស-២១ ទៅលើអស់លោក ទទួលស្គាល់ទាំងខាងផ្លូវច្បាប់ ទាំងខាងផ្លូវចិត្ត ចំពោះក្រុមគ្រួសារជនរងគ្រោះ ខ្ញុំនៅតែប្រកាន់អាកប្បកិរិយាឱនលំទោន សូមអនុញ្ញាតទុកទ្វារសូមទោសឲ្យនៅចំហ ហើយនិងសូមរំលែកទុក្ខសោកដ៏សែនខ្លោចផ្សាររ៉ាំរៃរបស់អស់លោកគ្រប់ពេលវេលា។
III) ដើម្បីសម្ដែងវិប្បដិសារីដ៏សែនចុកចាប់ទាំងអស់នេះ
ខ្ញុំបានសហការពេញទំហឹងជាមួយតុលាការដោយស្មោះត្រង់និងគ្រប់ពេលវេលាអស់ចំនួន១០ឆ្នាំ ៦ខែ ១៧ខែ រួចមកហើយ ទាំងក្នុងរយៈកាលស៊ើបសួរ រួមទាំងការស៊ើបសួរនៅតុលាការយោធាផង ទាំងក្នុងរយៈកាលសវនាការនេះផង។ ចុងបំផុត ខ្ញុំបានលើកសំណូមពរដោយសុទ្ធចិត្តចំពោះអ្នកជំនាញខាងចិត្តសាស្ដ្រ ដើម្បីយល់ថា ខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យមនុស្សជាតិទាំងមូល លោកទទួលស្គាល់ខ្ញុំជាមនុស្សម្នាឡើងវិញ? ដើម្បីរួមចំណែករំលែកទុក្ខសោករបស់ប្រជាជនកម្ពុជា ខ្ញុំសូមសន្យាថា ទៅថ្ងៃមុខទោះជាក្នុងករណីណាក៏ដោយ ខ្ញុំនឹងធ្វើអ្វីៗទាំងអស់ដែលប្រជាជនខ្ញុំត្រូវការ ដើម្បីប្រជាជនខ្ញុំ សូមតុលាការមេត្តាពិចារណា និងសម្រេចសេចក្ដីលើបញ្ហាបន្ថែមនេះ ដោយយោបល់អនុគ្រោះ។
ប្រតិចារិកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១១ ទំព័រ ១១៣ [បន្ទាត់ ២៣-២៤-២៥] ដល់ទំព័រ ១១៤ [បន្ទាត់១-សេចក្តីថ្លែងចុងក្រោយរបស់ ឌុច
បន្តទៅនេះ ខ្ញុំសូមបញ្ជាក់អំពីគោលជំហររបស់ខ្ញុំចំពោះប្រជាជនកម្ពុជាទូទាំងប្រទេស។
បញ្ជាក់ទីមួយ គឺខ្ញុំនៅរក្សាគោលជំហរខាងផ្លូវច្បាប់ចំពោះជនរងគ្រោះនៅមន្ទីរស ២១ និងទទួលខុសត្រូវខាងផ្លូវចិត្ត ចំពោះជនរងគ្រោះទូទាំងប្រទេស។ ខ្ញុំនៅតែរក្សាគោលជំហរសុំខមាលទោស ចំពោះវិញ្ញាណក្ខន្ធជនរងគ្រោះទាំង ១២.២៧៣ នាក់ ដែលបានស្លាប់បាត់បង់ជិវិត នៅស ២១ ព្រមទាំងសុំគ្រួសារអស់លោកទាំងនោះអនុញ្ញាតឲ្យខ្ញុំសុំ ចូល សុំទោសនៅថ្ងៃណាមួយសមរម្យ៕