Tuesday, February 21, 2012

កែប្រែ​​ជីវភាព​​​តាមរយៈ​​​ការ​ប្រកប​មុខរបរ​ចិញ្ចឹម​សត្វក្រួច

ដោយ​ ៖ ប្រុសកោះ (កោះសន្តិភាព)
ថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៥:៣៩
ការចិញ្ចឹមសត្វក្រូច




កោះសន្តិភាព
ការចិញ្ចឹមសត្វក្រូច


រាជធានីភ្នំពេញ ៖ ​ក្រោម​ជំនួយ​​ឧបត្ថម្ភ​​ពីសហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា​​​​​កញ្ញា​សាយ សុកាយ ​ដែល​ពីមុន​គឺជា​អ្នក​ដើរ​លក់​​​នំ​តាម​សាលា​រៀន ​និង​រកចំណូលបាន​​​បន្តិចបន្តួចនោះ ​បាន​ប្រែ​ក្លាយ​ជីវភាព​​របស់ខ្លួនយ៉ាង​ឆាប់រហ័ស​តាម​រយៈ​​​ប្រកប​មុខរបរ​​​ ចិញ្ចឹម​​សត្វ​ក្រួច​ជា​លក្ខណៈ​​​គ្រួសារ ។
កញ្ញា​សាយ ​សុកាយ ​​​មាន​អាយុ​២២​ឆ្នាំ រស់​នៅភូមិ​រំដួល ឃុំភ្នំ​លៀប ​​ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ​​ហើយ​​កំពុង​ប្រកបមុខរបរ​​​​ចិញ្ចឹម​សត្វ​ក្រួច ​ជា​លក្ខណៈ​គ្រួសារ​ ខណៈ​ពេល​ដែលផលិត​ផល​របស់នាងទទួលបាន​ការគាំទ្រ​​​ពី​អតិថិជន ។

ជួបជាមួយ​​កោះសន្តិភាពកញ្ញា​​​សាយ សុកាយ ​​រៀបរាប់ថា ​ដំបូងឡើយជីវភាពរបស់​នាង​មានការលំបាក​​ខ្លាំង​ណាស់ ព្រោះ​មាន​លទ្ធ​ភាព​​ដើរ​លក់នំតាម​​សាលាបឋម​​សិក្សាប៉ុណ្ណោះ ។ ​ក្រោយ​មក មូលដ្ឋាន​របស់នាងក្លាយ​ជា​គោល​ដៅ​មួយរបស់សហភាព​អឺរ៉ុប​​ក្នុងការ​​​​​អនុ វត្ត​​​គម្រោង​​កម្មវិធី​​ជួយបណ្តុះបណ្តាល​មុខ​ជំនាញ​​​​និងផ្តល់​លទ្ធភាព​​ ជួយ​រកទីផ្សារ​​ឱ្យ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ប្រឈម​នឹង​បញ្ហា​​កង្វះខាត​​ ជីវភាព ។ ​​ចាប់ពី​​ទទួលបាន​​ជំនួយពី​សហ​ភាពអឺរ៉ុប​​មក រូប​នាង​បាន​យកចិត្តទុកដាក់​បណ្តុះ​បណ្តាល​មុខ​ជំនាញ​​ចិញ្ចឹម​​ក្រួចរហូត​​ ប្រែក្លាយ​​មុខ​​របរ​ពីអ្នក​លក់នំតាមសាលា​មក​ចិញ្ចឹមសត្វ​ក្រួច​ជំនួសវិញ ។
កញ្ញា​សាយ សុកាយ ​និយាយថា ​​នាង​មិន​មាន​​បំណង​ធ្វើ​​ចំណាក​ស្រុក ដើម្បី​ដើរ​រក​មុខ​របរ​​​នៅខាង​ក្រៅ​ទេ ​​​ព្រោះ​​​តាមព័ត៌មាន​ដែល​ទទួល​បាន​​ការចេញ​​ទៅធ្វើ​ការ​ងារ​ខាង​​ក្រៅ គឺ​ជួប​បញ្ហា​​​ប្រឈម​ខ្លាំង​ណាស់ ។ ​ម្យ៉ាង​​ទៀត​លុយ​ដែលរកបាន​​នោះ​ ក៏​មិន​ច្រើនណាស់​ណា​ដែរ។ ​​ការ​គិត​របស់នាង គឺ​​ត្រឹមត្រូវ​ដែលទីបំផុត​​នាង​បាន​សម្រេច​​គោលបំណង​​ និងមានលទ្ធភាព កែប្រែ​​ជីវភាព​ ហើយ​បើទោះជា​មិនទាន់​ធូរធា​រ ក៏​ជីវភាព​សព្វថ្ងៃនេះខុសគ្នា​ឆ្ងាយណាស់ បើ​ប្រៀប​ធៀប​​ជីវភាព​​​​កាលនាង​ដើរ​លក់​​នំ​តាម​សាលា​រៀន ។
កញ្ញា​​សាយ សុ​កាយ​​​បាន​ថ្លែង​​អំណរគុណ​ចំពោះ​​សហភាព​អឺរ៉ុប​ ដែល​បាន​ជួយ​​​រូបនាង និងគ្រួសារ​នាង ហើយ​បើ​កុំ​តែ​​មានគម្រោង​​កម្មវិធី​ ដែលឧបត្ថម្ភ​​​ដោយសហ​ភាព​​អឺរ៉ុប​​ម្លេ៉ះ​សម​រូបនាង​​មិន​​ទាន់បានឃើញ​ពន្លឺ ​​​នៃជីវភាព​ដូច​សព្វថ្ងៃនេះទេ ។
ស្ថាន​ភាព​ជីវភាព​របស់គ្រួសារ​​កញ្ញាសាយ សុកាយ ​​​​មិន​ទាន់ជា​សម្បូរ​​​ធូរធារទេ ប៉ុន្តែ​បើ​ប្រៀប​ធៀប​​​ពេលមុន គឺ​ខុសគ្នា​​ឆ្ងាយណាស់ ​​ក្នុង​ពេល​ដែលជីវភាព​​​រកព្រឹកខ្វះ​ល្ងាច រហូត​បង្ខំ​ឱ្យ​​កញ្ញា​​​បោះបង់ចោលការ​សិក្សាត្រឹមថ្នាក់ទី៧​​ និង​ធ្វើ​​នំ​លក់​តាមសាលា​​ទទួលបាន​កម្រៃ​​តិចតួច ។
គេហដ្ឋាន​របស់គ្រួសារ​​​កញ្ញា​​សាយ សុកាយ ​​​មិនទាន់​មានសម្ភារ​​​ ឬគ្រឿង​​​សម្អាង​អ្វីគួរ​ឱ្យ​កត់សម្គាល់​​ក៏ពិតមែន ​ប៉ុន្តែអ្វី​ៗ​ដែល​កំពុងមាន​នៅក្នុងផ្ទះ ដូច​ជា​សត្វ​ក្រួច ពងក្រួច ​សត្វជ្រូក ​ មាន់ ​និង​បន្លែបង្ការ ​​ជុំវិញ​ផ្ទះ គឺបង្ហាញថា ​​ជា​សម្ភារ​ដ៏មានតម្លៃ​សម្រាប់​ជីវិត​គ្រួសារ​របស់​នាង ។
នារីវ័យក្មេង​នេះបញ្ជាក់ថា ​ក្នុង​​មួយ​ឆ្នាំ ចំណូល​ក្នុងមុខ​របរ​របស់គ្រួសារ​​​នាង​គឺ​ទទួល​បាន​​ពី​១៥០០ ទៅ​១៨០០​​​ដុល្លារ ​ហើយ​ចំនួន​នេះ​គឺ​ច្រើន​ណាស់ សម្រាប់​​​ប្រជាពលរដ្ឋ​កម្ពុជា ​ដែលកំពុងរស់នៅ​តាមជនបទ ។
លោក Jean  François CAUTAIN ឯកអគ្គ​​រដ្ឋ​ទូត​សហភាព​​អឺរ៉ុប​ប្រចាំ​កម្ពុជា​​ដែលបាន​ទៅ​ដល់មូលដ្ឋាន​ ភូមិ​រំដួល​​ និងទៅដ​ល់​គេហដ្ឋាន​កញ្ញា​សាយ សុកាយ  បានបង្ហាញ​​ក្តី​​សប្បាយ​រីករាយ​​ និងមោទនភាព​​យ៉ាងខ្លាំងចំពោះ​គម្រោង​​​​កម្មវិធី​​ដែលឧបត្ថម្ភ​​ដោយសហភាព​ អឺរ៉ុប​​ និង​ទទួលបានជោគជ័យ​​គួរឱ្យ​កត់សម្គាល់ ។ ​លោក​បញ្ជាក់ថា ​​ភស្តុតាង​ទាំង​នេះ​បានបង្ហាញ​​ថា EU ​​មិន​អាច​​​នឹង​បញ្ឈប់​ជំនួយ​មក​ឱ្យ​ប្រជា​ជន​កម្ពុជា​​ទេ ប៉ុន្តែ​ត្រូវបង្កើន​ជំនួយ​បន្ត និង​បន្ថែមទៀត​ ដើម្បី​កែប្រែ​​ជីវភាព​ប្រជា​ពល​រដ្ឋកម្ពុជា រួមចំណែកដល់ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​​នៅកម្ពុជា​ផង​ដែរ  ៕